(តេហេរ៉ង់)៖ លោក អាបុលហាស្សាន បានីសាដ (Abolhassan Banisadr) ដែលត្រូវជាប្រធានាធិបតីដំបូងរបស់ប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩ នោះ បានទទួលមរណភាពហើយនៅក្នុងអាយុ ៨៨ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

លោក Abolhassan Banisadr បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីអ៉ីរ៉ង់ កាលពីខែកុម្ភៈ ឆ្នាំ១៩៨០ និងត្រូវបានទម្លាក់ចេញពីតំណែងវិញនៅខែមិថុនា ឆ្នាំ១៩៨១។ បន្ទាប់ពីនោះមក លោកបានរត់ភៀសខ្លួនចេញពីរដ្ឋធានីតេហេរ៉ង់ ទៅរស់នៅបែបនិរទេស នៅលើទឹកដីប្រទេសបារាំង។

គួរបញ្ជាក់ថា លោក Abolhassan Banisadr បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងប៉ារីស។ លោកត្រូវបានគេអះអាងថា បានកើតមានជំងឺប្រចាំកាយរ៉ុារ៉ៃអស់កាលដ៏យូរ ហើយនៅមិនអាចបានធូរស្រាលឡើងវិញ។ ការប្រកាសអំពីមរណៈភាពរបស់លោក Abolhassan Banisadr ត្រូវបានធ្វើឡើងដោយក្រុមគ្រួសារលោកផ្ទាល់ និងសារព័ត៌មានរដ្ឋរបស់អ៉ីរ៉ង់៕