(វ៉ាស៉ីនតោន)៖ តួកគីត្រូវគេរាយការណ៍ថា បានដាក់សំណើទៅកាន់សហរដ្ឋអាមេរិក ដើម្បីទិញយន្តហោះចម្បាំង F-16 ចំនួន៤០គ្រឿង រួមជាមួយគ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំងដែលខ្លួនមានស្រាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

សំណើទិញយន្តហោះចម្បាំងខាងលើ ដែលមានតម្លៃខ្ទង់ពាន់លានដុល្លារ កំពុងស្ថិតក្នុងដំណើការវាយតម្លៃ ក្រោមកម្មវិធីលក់សព្វាវុធយោធាឲ្យបរទេស របស់សហរដ្ឋអាមេរិក ដែលត្រូវឆ្លងកាត់ការអនុម័តពីក្រសួងការបរទេសអាមេរិក ក៏ដូចជាសភាទាំងពីររបស់អាមេរិក ដែលមានសិទ្ធិរារាំងការទិញ-លក់នេះ។ តួកគីត្រូវគេមើលឃើញថា កំពុងព្យាយាមធ្វើទំនើបកម្មកងទ័ពអាកាសខ្លួន បន្ទាប់ពីការទិញយន្តហោះចម្បាំង F-35 បានទទួលបរាជ័យ។

គួរបញ្ជាក់ថា កន្លងមក ទីក្រុងអង់ការ៉ាបានបញ្ជាទិញយន្តហោះចម្បាំង F-35 ជាង១០០គ្រឿង ប៉ុន្តែត្រូវបានដកចេញពី កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីនេះ កាលពីឆ្នាំ២០១៩ បន្ទាប់ពីតួកគីបានទិញប្រព័ន្ធមីស៉ីលរុស្ស៉ី S-400 ទោះមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងវ៉ាស៉ីនតោនក៏ដោយ។ យន្តហោះ F-35 និង F-16 សុទ្ធតែផលិតដោយ ក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin)៕