(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអង្គារនេះបាននិយាយថា ភ្ញៀវទេសចរអន្តរជាតិ នឹងមិនទាន់ត្រូវស្វាគមន៍ឲ្យត្រឡប់ចូលមកកាន់ ប្រទេសអូស្ត្រាលីវិញទេ រហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដោយការវិលត្រឡប់របស់ជនចំណាកស្រុកដែលមានជំនាញ និងនិស្សិតអន្តរជាតិ ត្រូវបានផ្តល់អាទិភាពខ្ពស់ជាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។
លោក Scott Morrison បាននិយាយថាអូស្ត្រាលីត្រូវបានគេរំពឹងថា នឹងឈានដល់គោលដៅមួយនៅថ្ងៃអង្គារនេះ សម្រាប់ឲ្យប្រទេសអាចចាប់ផ្តើមបើកឡើងវិញ គឺប្រមាណ ៨០ភាគរយនៃប្រជាជនដែលមានអាយុចាប់ពី១៦ឆ្នាំឡើង បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស)
កាលពីសប្តាហ៍មុន លោក Scott Morrison បានគូសបញ្ជាក់ពីផែនការអនុញ្ញាតឱ្យជនជាតិអូស្រ្តាលី និងអ្នករស់នៅអចិន្ត្រៃយ៍ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ ធ្វើដំណើរទៅក្រៅប្រទេសបានចាប់ពីខែវិច្ឆិកា ដែលជាលើកដំបូងបង្អស់ គិតចាប់តាំងពីបម្រាមធ្វើដំណើរដ៏តឹងរ៉ឹងនេះ បានចូលជាធរមានកាលពីខែមីនា ឆ្នាំ២០២០។
ប៉ុន្តែនៅថ្ងៃអង្គារនេះ លោក Scott Morrison បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ Seven Network ថា «អាទិភាពបន្ទាប់ គឺជនចំណាកស្រុកមានជំនាញ ដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់ប្រទេសអូស្រ្តាលី ប៉ុន្តែពួកគេត្រូវតែទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ ព្រមទាំងនិស្សិតអន្តរជាតិដែលត្រូវត្រឡប់ចូលមកកាន់ ប្រទេសអូស្ត្រាលីវិញ ដើម្បីបន្តការសិក្សា»។
លោក Scott Morrison បានគូសបញ្ជាក់ប្រាប់បន្ថែមថា «យើងនឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ត្រឡប់ចូលមកកាន់ប្រទេសយើងវិញផងដែរ ប៉ុន្តែខ្ញុំជឿថា គឺនៅឆ្នាំ២០២២ខាងមុខនេះ»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សានាំចេញទេសចរណ៍អូស្រ្តាលី ដែលតំណាងឱ្យវិស័យមួយ ដែលរកបានប្រាក់ចំណូលប្រមាណ ៣៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗពីភ្ញៀវទេសចរអន្តរជាតិ មុនពេលមានជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ចង់ឱ្យភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលមកកាន់ប្រទេសនេះវិញនៅខែមីនា ឆ្នាំ២០២២៕