(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ៊្វូមីអុ (Kishida Fumio) នៅព្រឹកថ្ងៃអង្គារនេះ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹង ប្រធានាធីបតីអាមេរិក លោក ចូ បៃដិន បន្ទាប់ពីទើបស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។
លោក គីស៉ីដា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទនោះ ដែលមានរយៈពេលប្រហែល២០នាទី សម្ព័ន្ធមិត្តទាំងពីរបានប្តេជ្ញា ចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីឆ្ពោះទៅរកតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។ ជាមួយគ្នានេះ មេដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជាថ្មីថា នឹងរួមគ្នាប្រឹងប្រែងពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក ឲ្យកាន់តែរឹងមាំថែមទៀត។
ក្រៅពីនេះលោក គីស៉ីដា និងលោក បៃដិន ក៏បានឯកភាពថា នឹងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាសកលផ្សេងៗ ដូចជាវិបត្តិ COVID-19, ការប្រែប្រួលអាកាសធាតុ និងការរីកសាយនៃអាវុធនុយក្លេអ៊ែរ ជាដើមផងដែរ។
គួរបញ្ជាក់ថា លោក គីស៉ីដា ត្រូវបានសភាជប៉ុនបោះឆ្នោតជ្រើសតាំងជាផ្លូវការ ឲ្យក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី កាលពីថ្ងៃចន្ទម្សិលមិញ បន្តពីលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កា (Yoshihide Suga) ដែលបានលាលែងពីតំណែង ក្រោយកាន់បានជាង១ឆ្នាំ៕