Mark Zuckerberg ខាតលុយ៦ពាន់លានដុល្លារ ក្រោយ Facebook ជាប់គាំងជិត៦ម៉ោង
05-10-2021 09:47
(អាមេរិក)៖ មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg ដែលជាស្ថាបនិកនិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន Facebook បានបាត់បង់លុយ ជាង៦ពាន់លានដុល្លារអាមេរិក ក្នុងពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកម្មវិធីធំៗរបស់បណ្តាញសង្គមនេះ បានគាំងដំណើរការ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។
នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) កម្មវិធី Facebook, Instagram, WhatsApp និង Messenger បានជាប់គាំងនៅទូទាំងពិភពលោកតែម្តង អស់រយៈពេលជិត៦ម៉ោង ទើបអាចត្រឡប់ទៅដំណើរការដូចប្រក្រតីវិញ។ Facebook បានចេញមុខសុំទោស ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុ នៃការជាប់គាំងដ៏ធំនិងយូរបែបនេះឡើយ។
គួរបញ្ជាក់ថា ក្នុងថ្ងៃដដែល តម្លៃហ៊ុនរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ បានធ្លាក់ចុះ៤.៩ភាគរយ ដែលជាហេតុធ្វើឲ្យតម្លៃទ្រព្យសម្បត្តិរបស់លោក Zuckerberg ត្រូវថយចុះរហូតដល់ជាង ៦ពាន់លានដុល្លារផងដែរ គឺធ្លាក់ទៅត្រឹម១២១.៦ពាន់លានដុល្លារ៕