(កាលីហ្វ័រញ៉ា)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា សិស្សទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ាត្រូវមានកាតព្វកកិច្ចទទួលចាក់វ៉ាក់សាំងកូវីដ១៩។ នេះបើយោងតាមការចេញផ្សាដោយ សារព័ត៌មានបារាំង France24។
ផែនការនេះនឹងត្រូវអនុវត្តជាដំណាក់កាល ខណៈនិយតកររដ្ឋបាលចំណីអាហារ និងឱសថអាមេរិកអនុម័ត (FDA) យល់ព្រមពេញលេញសម្រាប់ការប្រើប្រាស់លើកុមារ។
អភិបាលកាលីហ្វ័រញ៉ាលោក Gavin Newsom បាននិយាយ «រដ្ឋកាលីហ្វ័រញ៉ានឹងតម្រូវឱ្យកូនៗរបស់យើងទទួលថ្នាំបង្ការជំងឺកូវីដ១៩ ដើម្បីអាចមកសាលារៀនបានវិញ»។
លោកបានបន្ថែមថា «សាលារបស់យើងត្រូវការវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ស្រឡទែន និងជំងឺផ្សេងជាច្រើនទៀត។ ហេតុអ្វី? ពីព្រោះវ៉ាក់សាំងគឺមានប្រសិទ្ធភាព»។
បទប្បញ្ញត្តិទាំងនេះនឹងប៉ះពាល់ដល់និស្សិតចំនួ០៦លាននាក់ នៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់សហរដ្ឋអាមេរិក ខណៈប្រជាជន ៨៤% នៃរដ្ឋមួយនេះបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។
គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer-BioNTech ត្រូវបានផ្តល់ការអនុម័តយល់ព្រមពេញលេញ ពី FDA សម្រាប់ក្មេងអាយុ ១៦ ឆ្នាំឡើងទៅ៕