Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តាលីបង់កម្ទេចសំបុកក្រុម ISIS នៅទីក្រុងកាប៊ុល ក្រោយមានការផ្ទុះគ្រាប់បែកលើព្រះវិហារ (Video inside)

04-10-2021 14:40

(កាប៊ុល)៖ ក្រុមតាលីបង់នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ពួកគេបានកម្ទេចសំបុកមួយកន្លែង របស់ក្រុមភេរវករ ISIS នៅឯរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន ប៉ុន្មានម៉ោងបន្ទាប់ពីមានការវាយប្រហារមួយ ដែលសង្ស័យថា ជាទង្វើរបស់ ISIS ដោយវាបានផ្តាច់ជីវិតមនុស្ស៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

លោក សាប៊ីហូឡោះ មូចាហ៉ីដ (Zabihullah Mujahid) អ្នកនាំពាក្យតាលីបង់ បាននិយាយថា ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅ នៅភាគខាងជើងទីក្រុងកាប៊ុល កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ជាលទ្ធផលនៃប្រតិបត្តិការរបស់តាលីបង់ សំបុក ISIS មួយកន្លែង រួមជាមួយសមាជិកទាំងអស់ របស់ក្រុមភេរវករនេះ ដែលស្ថិតនៅទីនោះ ត្រូវបានកម្ទេចចោល។ ពុំមានការបញ្ជាក់ពីចំនួនសមាជិក ISIS ដែលត្រូវបានសម្លាប់ឡើយ ប៉ុន្តែបើតាមការអះអាងរបស់សាក្សី ការប្រយុទ្ធគ្នាបានអូសបន្លាយដល់ប៉ុន្មានម៉ោងឯណោះ ទើបចប់។

គួរបញ្ជាក់ថា ប្រតិបត្តិការខាងលើបានកើតមាន បន្ទាប់ពីក្នុងថ្ងៃអាទិត្យដដែល ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងក្នុង ពិធីបន់ស្រន់មួយដែលប្រារព្ធឡើង នៅព្រះវិហារអ៉ីដហ្កា (Eid Gah) នៃទីក្រុងកាប៊ុល ដើម្បីឧទ្ទិសដល់ម្តាយលោក មូចាហ៉ីដ ដែលបានទទួលមរណភាព កាលពីសប្តាហ៍កន្លងទៅ។ ការវាយប្រហារនោះ បានផ្តាច់ជីវិតមនុស្ស៥នាក់ និងបង្កឲ្យរបួស១១នាក់ ដែលរួមមានទាំងជនស៉ីវិល និងសមាជិករបស់តាលីបង់៕