អូស្ត្រាលីបន្តរកឃើញករណីឆ្លងកូវីដ-១៩ជាង ២,០០០នាក់ក្នុង១ថ្ងៃ សម្រាប់របាយការណ៍ថ្ងៃចន្ទនេះ (Video inside)
04-10-2021 13:24
(មែលប៊ន)៖ ប្រទេសអូស្រ្តាលីនៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,០២៩ករណីបន្ថែមទៀត ដែលជាការកើនឡើងជាបន្តបន្ទាប់ បើទោះបីជារដ្ឋដែលមានប្រជាជនច្រើនបំផុតចំនួន ២ របស់ខ្លួន នៅតែស្ថិតក្រោមវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ហើយអត្រានៃការចាក់វ៉ាក់សាំង បានកើនឡើងជាលំដាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦២៣ករណីត្រូវបានរកឃើញនៅរដ្ឋ ញូសោតវែលស៍ (New South Wales) ដែលមានទីក្រុង ស៊ីដនី (Sydney) នៅក្នុងនោះ, ១,៣៧៧ករណី នៅរដ្ឋវិចតូរៀ (Victoria) ដែលមានទីក្រុង មែលប៊ន (Melbourne) នៅក្នុងនោះ, ២៨ករណីត្រូវបានរកឃើញនៅដែនដីរដ្ឋធានី កង់ប៊េរ៉ា (The Australia Capital Territory) និង ១ករណីទៀត ត្រូវបានរកឃើញនៅក្នុងរដ្ឋឃ្វីនស៍ឡែនដ៍ (Queensland)។
ក្រុមមន្រ្តីរដ្ឋនានាបានស្តីបន្ទោស ចំពោះការកើនឡើងនូវករណីឆ្លងនាពេលថ្មីៗនេះ ដោយសារការជួបជុំ នៅក្នុងពិធីជប់លៀងបាល់ទាត់ចុងក្រោយ របស់ប្រទេសអូស្ត្រាលី ដែលបានរំលោភលើវិធានការបិទខ្ទប់របស់ប្រទេស កាលពីចុងសប្តាហ៍មុន។ ស្ទើរតែពាក់កណ្តាលនៃករណីឆ្លងថ្មីៗនៅថ្ងៃចន្ទនេះ គឺជាមនុស្សដែលមានអាយុចន្លោះពី ១០-២៩ឆ្នាំ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១១៣,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១,៣០០នាក់ និងអ្នកជាសះស្បើយជាង ៨២,០០០នាក់។ គិតត្រឹមថ្ងៃទី០១ ខែតុលា អូស្ត្រាលីបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៨.៦លានដូស ក្នុងនោះប្រជាជន ១១.៧លាននាក់ (៤៥.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕