(ស៊ុយអែត)៖ អ្នកគូររូបថ្លុកកំប្លែងជនជាតិស៊ុយអែត លោក ឡាស វីល (Lars Vilks) ដែលបានរស់នៅក្រោមការពាររបស់ប៉ូលិសចាប់តាំងពីឆ្នាំ២០០៧មក បន្ទាប់ពីការគូររូបថ្លុកកំប្លែង ចំអកដល់មហាំម៉ាត់ជាអ្នកនាំសាររបស់សាសនាអ៉ីស្លាម បានស្លាប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។
បើតាមប៉ូលិសស៊ុយអែត លោក Lars Vilks មានអាយុ ៧៥ឆ្នាំ និងប៉ូលិស ០២នាក់ដែលនៅអមការពាររូបលោក បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីរថយន្ដ របស់ពួកគេបុកគ្នាពេញទំហឹងជាមួយរថយន្ដដឹកទំនិញមួយគ្រឿង។ ប៉ូលិសស៊ុយអែតបន្ថែមទៀតថា មិនទាន់មានភស្តុតាងបញ្ជាក់ពីហេតុការណ៍គ្រោះថ្នាក់នេះ នៅឡើយទេ ស្របពេលការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ ប៉ុន្តែជាបឋម គ្មានការសង្ស័យណាមួយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺជាទង្វើឃាតកម្មនោះទេ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង នៅក្បែរទីក្រុង ម៉ាកការីដ (Markaryd) នៅពេលដែលរថយន្ដរបស់លោក Lars Vilks បុកជាមួយរថយន្ដដឹកទំនិញមួយគ្រឿង ដែលបណ្ដាលឱ្យរថយន្ដទាំង ២គ្រឿងនេះផ្ទុះឆេះ ហើយក្រោយមកអ្នកបើករថយន្ដដឹកទំនិញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា លោក Lars Vilks បានរស់នៅក្រោមការពាររបស់ប៉ូលិសស៊ុយអែត ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ បន្ទាប់ពីលោកបានគូររូបថ្លុកកំប្លែង ចំអកដល់អ្នកនាំសាររបស់សាសនាអ៉ីស្លាមគឺ មហាំម៉ាត់។ ទង្វើនេះបង្កឱ្យអ្នកកាន់សាសនាអ៉ីស្លាមខឹងសម្បារ និងថ្កោលទោសយ៉ាងខ្លាំងដោយចាត់ទុកថា នេះជាទង្វើមាក់ងាយដល់សាសនាអ៉ីស្លាម៕