(អាល់ហ្សេ)៖ រដ្ឋាភិបាលនៃប្រទេសអាល់ហ្សេរី បានសម្រេចចិត្តកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសបារាំង ត្រឡប់មកស្រុកវិញដើម្បីប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយ ដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយបារាំង និងអាល់ហ្សេរីបានរាយការណ៍កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថាលោក ម៉ាក្រុង បានថ្លែងសារទៅកាន់យុវជនអាល់ហ្សេរីមួយក្រុម ដែលមានឪពុកម្ដាយ និងជីដូនជីតា ដែលបានចូលដៃចូលជើងជាមួយកងទ័ពបារាំង នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកបដិវត្តន៍ទាមទារឯករាជ្យពីបារាំង នៅក្នុងសង្រ្គាមអាល់ហ្សេរី ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦២។

នៅក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ លោក ម៉ាក្រុង បានលើកឡើងថាអាល់ហ្សេរីត្រូវបានដឹកនាំដោយប្រព័ន្ធនយោបាយបែបយោធា ហើយបាន ពិពណ៌នាថាអាល់ហ្សេរីមានប្រវត្តិសាស្ត្រផ្លូវការមួយដែលត្រូវបានសរសេរឡើងវិញទាំងស្រុង។ បើតាមលោក ម៉ាក្រុង ប្រវត្តិសាស្រ្តនេះមិនមានមូលដ្ឋានឈរ លើការពិតនោះទេ តែមានចេតនាបង្កការស្អប់ខ្ពើមប្រឆាំងនឹងបារាំង។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលអាល់ហ្សេរីបានថ្កោលទោស និងចាត់ទុកថាការអត្ថាធិប្បាយរបស់លោក ម៉ាក្រុងបានបំផ្លាញដល់កិត្តិយសវីរជនអាល់ហ្សេរី ដែល បានតស៊ូប្រយុទ្ធទាមទារឯករាជ្យពីបារាំង ព្រមទាំងជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់អាល់ហ្សេរី។ ដូច្នេះ រដ្ឋាភិបាលអាល់ហ្សេរីសម្រេចចិត្តកោះហៅ អគ្គរដ្ឋទូតប្រចាំទីក្រុងប៉ារីស លោក មហាំម៉ាត់ អាន់តា ដាអ៊ូត (Mohamed Antar-Daoud) ត្រឡប់មកស្រុកវិញដើម្បីប្រឹក្សាយោបល់។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលអាល់ហ្សេរីកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសបារាំង ត្រឡប់មកស្រុកវិញ ដោយរឿងបែបនេះក៏ធ្លាប់បាន កើតឡើងផងដែរកាលពីឆ្នាំ២០២០កន្លងទៅ។ ម្យ៉ាងវិញទៀត ជម្លោះការទូតនេះកើតមានឡើងនៅចំពេលប្រទេសទាំង២ កំពុងមានភាពតានតឹងនឹងគ្នាស្រាប់ ជុំវិញការសម្រេចចិត្តរបស់បារាំងក្នុងការកាត់បន្ថយចំនួនទិដ្ឋាការដែលត្រូវផ្ដល់ឱ្យពលរដ្ឋអាល់ហ្សេរី ម៉ារ៉ុក និងទុយនីស៊ី៕