(វ៉ាស៊ីនតោន)៖ ជុំវិញសំនួរពាក់ព័ន្ធការធ្វើតេស្តមីស៊ីលជាថ្មី ដែលកូរ៉េខាងជើងបានប្រកាសចេញ កាលពីថ្ងៃទី០១ ខែតុលាម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់សេតវិមានទីក្រុងវ៉ាស៊ីនតោនបានឆ្លើយតបថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង និងបានត្រៀមខ្លួនជានិច្ច ដើម្បីដោះស្រាយបញ្ហាជាច្រើនរួមគ្នាតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។
ការលើកឡើងពីសំណាក់ លោកស្រី ចេន ផ្សាគី (Jenn Psaki) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឆ្លើយឆ្លងព័ត៌មាន ប្រចាំសេតវិមានដូចខាងលើនេះ ក៏កើតមានបន្ទាប់ពីលោក គីម ជុងអ៊ុន បានចោទប្រកាន់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកនៅតែប្រកាន់ គោលនយោបាយបង្កអរិភាព ចំពោះកូរ៉េខាងជើងជានិច្ច។
លោកស្រី ចេន ផ្សាគី បានលើកឡើងនៅថ្ងៃទី០១ ខែតុលា (ពេលវេលានៅវ៉ាស៊ីនតោន) ថា «យើងនៅតែត្រៀមខ្លួន ដើម្បីពិភាក្សាបញ្ហាទាំងនេះជារួម»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបង្ហើបឲ្យដឹងទៀតថា មកទល់នឹងពេលនេះ កូរ៉េខាងជើងនៅតែមិនទាន់ ធ្វើការឆ្លើយតបណាមួយ មកកាន់សហរដ្ឋអាមេរិកនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចោទប្រកាន់សហរដ្ឋអាមេរិក ថានៅតែប្រកាន់គោលនយោបាយបង្កអរិភាព ចំពោះកូរ៉េខាងជើង ដោយគ្មានការផ្លាស់ប្តូរនោះឡើយ នៅក្នុងរយៈពេល ៨ខែនៃការកាន់តំណែងរបស់លោកប្រធានាធិបតី ចូ បៃដិន។ ទីក្រុងព្យុងយ៉ាងថែមទាំងបានហៅ ការស្នើសុំបើកកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ពីសំណាក់អាមេរិកនោះថា «គ្រាន់តែជាអន្ទាក់ដ៏ល្អមើលមួយ» ដើម្បីបិទបាំងសហគមន៍អន្តរជាតិ អំពីភាពគគ្លើនរបស់ខ្លួនតែប៉ុណ្ណោះ៕