(ប៉េកាំង)៖ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមម៉ោងក្នុងតំបន់ ពិព័រណ៍ពិភពលោកឌូបៃ បានរៀបចំពិធីបើកម្ពោធយ៉ាងឱឡារិក ដោយមានការចូលរួមពីអ្នកសម្តែង សិល្បករសិល្បការិនីល្បីឈ្មោះលំដាប់អន្តរជាតិ និងធនធានមនុស្សច្នៃប្រឌិតថ្មី ដែលមកពីទូទាំងពិភពលោក។ ពួកគេបាននាំមកនូវការសម្តែងបច្ចេកវិទ្យាខ្ពស់ដ៏ឆ្នើម ដោយផ្តោតលើការច្នៃប្រឌិតថ្មី ខាងគំនិតផ្នែកមនោគម និងជោគវាសនារួមរបស់ មនុស្សជាតិនាពេលអនាគត។
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដើម្បីចូលរួមអបអរការបើកពន្លាចិននៃពិព័រណ៍ពិភពលោកឌូបៃ។ លោក Xi Jinping បានថ្លែងថា តើសង្គមមនុស្សជាតិត្រូវដើរទៅរកទិសណា? ភាគីចិនសូមផ្តួចផ្តើមថា ប្រជាជនគ្រប់ប្រទេសលើពិភពលោក ខិតខំតស៊ូជាមួយគ្នា ដើម្បីឆ្លើយតបនឹងសេចក្តីអំពាវនាវនៃយុគសម័យ បង្កើនអភិបាលកិច្ចជាសកល ធ្វើការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី ដើម្បីឆ្ពោះទៅរកទិសដៅនៃការបង្កើតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។
លោកប្រធានាធិបតីចិនបន្តថា ប្រទេសចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាមួយបណ្តាប្រទេស ដើម្បីក្តាប់ជាប់កាលានុវត្តភាពនៃការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី ក៏ដូចជារួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។
សូមបញ្ជាក់ថា ពន្លាចិននៃពិព័រណ៍ពិភពលោកឌូបៃគឺយក «ការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ -- ការច្នៃប្រឌិតថ្មីនិងកាលានុវត្តភាព» ជាប្រធានបទ ដើម្បីចែករំលែកទស្សនៈអភិវឌ្ឍន៍របស់ចិន ជាមួយពិភពលោក។ នៅក្នុងពន្លាបានដាក់តាំងបង្ហាញសមិទ្ធផលអភិវឌ្ឍន៍ របស់ប្រទេសចិនលើវិស័យព័ត៌មានវិទ្យា ការដឹកជញ្ជូនទំនើប ភាពវៃឆ្លាតសិប្បនិមិត្ត ជីវិតឆ្លាតវៃនិងយានអវកាសជាដើម រួមមានប្រព័ន្ធផ្កាយរណបនាំផ្លូវ Beidou-3 កាប៊ីនប្រឌិតបើកបររថភ្លើងល្បឿនលឿនចិន រថយន្តគំនិតថាមពលថ្មីគ្មានអ្នកបើកបរ និងការដាំស្រូវទឹកសមុទ្រជាដើម៕