(ប៉េកាំង)៖ មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានឱ្យដឹងថា សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសចិន កាលពីអំលុងខែកញ្ញា ឆ្នាំ២០២១នេះ គឺខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៦១មក ខណៈដែលទឹកភ្លៀងធ្លាក់ នៅតំបន់ភាគខាងជើងប្រទេស បានកើនឡើងដល់កម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។
បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ សីតុណ្ហភាពជាមធ្យមគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ គឺខ្ពស់ជាង ១.៥អង្សាសេ ខណៈកម្រិតទឹកភ្លៀងធ្លាក់ នៅទូទាំងប្រទេសក្នុងដដែលនេះ បានជាប់ចំណាត់ថ្នាក់ទី ៤ គិតចាប់តាំងពីឆ្នាំ១៩៦១មក ដែលស្មើនឹងកើនឡើងប្រមាណ ២៩.៧ភាគរយ។
បរិមាណទឹកភ្លៀងធ្លាក់ក្នុងខែកញ្ញា នៅភាគខាងជើងប្រទេស មានប្រមាណ ១.១ដងច្រើនជាងធម្មតា ដោយកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ បន្ថែមពីនេះអំឡុងរដូវក្តៅ ដែលបានបញ្ចប់ក្នុងខែសីហា កម្រិតទឹកភ្លៀងធ្លាក់នៅភាគខាងជើងប្រទេស បានកើនឡើងដល់ ៤២១.៤មីល្លីម៉ែត្រ ពោលគឺខ្ពស់ជាងធម្មតាប្រមាណ ៣៣.៩ភាគរយ និងខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ១៩៩៥មក។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុផែនដី បានបង្ហាញយ៉ាងច្បាស់ស្ទើរតែគ្រប់តំបន់ នៅទូទាំងពិភពលោកដូចជា ករណីភ្លើងឆេះព្រៃ និងគ្រោះទឹកជំនន់នៅអឺរ៉ុប, គ្រោះទឹកជំនន់នៅចិន និងឥណ្ឌា, បាតុភូតភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និងទឹកជំនន់នៅសហរដ្ឋអាមេរិក ព្រមទាំងភ្លើងឆេះព្រៃធ្ងន់ធ្ងរ នៅភាគកណ្តាលរុស្ស៊ីជាដើម៕