(កង់ប៉េរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កត ម៉ូរីសុន (Scott Morrison) នៅថ្ងៃសុក្រនេះ បានប្រកាសថា ការហាមឃាត់លើការធ្វើដំណើរចាកចេញទៅក្រៅប្រទេស រយៈពេល១៨ខែមកនេះ លើប្រជាជនអូស្រ្តាលី នឹងត្រូវបានដកចេញវិញ ចាប់ពីខែវិច្ឆិកាខាងមុខតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។
លោក Scott Morrison បាននិយាយនៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ តាមរយៈកញ្ចក់ទូរទស្សន៍ថា «ដល់ពេលដែលត្រូវផ្តល់ការរស់នៅ ដែលប្រជាជនអូស្ត្រាលីធ្លាប់មាន ដល់ពួកគេវិញហើយ។ យើងបានជួយសង្គ្រោះជីវិតរួចហើយ ប៉ុន្តែយើងត្រូវធ្វើការរួមគ្នា ដើម្បីធានាថាប្រជាជនអូស្រ្តាលី អាចបានជីវិតរស់នៅ ដែលពួកគេធ្លាប់មាននៅក្នុងប្រទេសនេះ ត្រលប់មកវិញបាន»។
បើតាមលោក Morrison ការបើកព្រំដែនអន្តរជាតិឡើងវិញនេះ សម្រាប់ប្រជាជនអូស្រ្តាលី នឹងភ្ជាប់ជាមួយការបង្កើតផែនការកម្មវិធីធ្វើចត្តាឡីស័កតាមផ្ទះ នៅក្នុងរដ្ឋនិងដែនដីទាំង៨ របស់អូស្រ្តាលី។ ដូច្នេះហើយ វាមានន័យថា ផ្នែកខ្លះនៃប្រទេសនឹងអាចបើកមុនឬក្រោយផ្នែកដទៃទៀត។
នៅដំណាក់កាលដំបូង ការបើកព្រំដែនឡើងវិញ នឹងផ្តោតទៅលើការអនុញ្ញាតឲ្យជនជាតិអូស្រ្តាលីផ្ទាល់ និងអ្នកមានទីលំនៅអចិន្ត្រៃយ៍ អាចធ្វើដំណើរចាកចេញពីអូស្រ្តាលី ហើយនៅជំហានបន្ទាប់ៗទៀត វានឹងផ្តោតទៅលើការអនុញ្ញាតឲ្យជនបរទេស អាចចូលមកអូស្រ្តាលី។
គួរបញ្ជាក់ថា លោក Scott Morrison បានបិទព្រំដែនអន្តរជាតិកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ចាប់តាំងពីពេលនោះមក មានតែមនុស្សមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសអូស្រ្តាលី ក្រោមហេតុផលអាជីវកម្ម ឬមនុស្សធម៌៕