(ប៊ែរឡាំង)៖ អតីតរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក រូដូហ្វ ឆាបភីង (Rudolf Scharping) បាននិយាយថា បេសកកម្មនៅអាហ្វហ្កានីស្ថាន របស់ប្រទេសអាល្លឺម៉ង់ និងក្រុមបញ្ចឹម ប្រទេសក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋមិន អាចត្រូវអាចយកទៅដាក់លើប្រទេសដទៃ ដោយបង្ខំ ហើយរំពឹងឲ្យពួកគេទទួលយកដោយស្វ័យប្រវត្តិនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។
លោក Rudolf Scharping បានសរសេរនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ នាពេលថ្មីៗនេះ ដោយកាសែត បឺលីនណឺ ហ្ស៉ីទូង (Berliner Zeitung) ដោយកត់សម្គាល់ថា «គំនិតដែលថាលទ្ធិប្រជាធិបតេយ្យ អាចនាំចេញទៅកាន់ប្រទេសដទៃទៀត ដូចជាប្រទេសអាហ្វហ្គានីស្ថាន គឺជារឿងឆោតល្ងង់។ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋគឺជាដំណើរការអភិវឌ្ឍ ដែលមានភាពបត់បែន»។
លោក Rudolf Scharping បានិយាយថា វិធីតែមួយគត់ ដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថាន គឺមានតែតាមរយៈការសន្ទនាជាមួយអ្នកដែលមានអំណាចនៅក្នុងប្រទេស... ការសន្ទនាត្រូវតែធ្វើឡើងរួមគ្នាជាមួយប្រទេសរុស្ស៊ី និងចិន ក៏ដូចជាមហាអំណាចក្នុងតំបន់ទាំងអស់នៅជុំវិញប្រទេសអាហ្វហ្គានីស្ថាន។
លោក Rudolf Scharping បាននិយាយបន្ថែមថា កម្រិតខុសគ្នានៃការអភិវឌ្ឍ ប្រពៃណីវប្បធម៌ និងប្រវត្តិសង្គម និងនយោបាយរបស់ប្រទេសមួយ ត្រូវរក្សាទុកក្នុងការគិតពិចារណាជានិច្ច ហើយវានឹងប្រសើរជាងក្នុងការ «ព្រមព្រៀងលើសិទ្ធិមនុស្សជាមូលដ្ឋានទាំងអស់ និងធ្វើឱ្យពួកវាក្លាយជាខ្សែបន្ទាត់គោល នៃសកម្មភាពនយោបាយ»។
លោក Rudolf Scharping បានកត់សម្គាល់បន្ថែមថា «អ្វីៗជាច្រើននឹងទទួលបានផល ប្រសិនបើយើងនៅប្រទេសអាល្លឺម៉ង់ និងអ៊ឺរ៉ុបអាច ឈានដល់កិច្ចព្រមព្រៀងស្តីពីទ្រឹស្តី និងការអនុវត្តគោលនយោបាយការបរទេស និងសន្តិសុខដែលផ្អែកលើគុណតម្លៃ និងភាពជាក់ស្តែង»៕