(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា ប្រទេសទាំងពីរ បានបើកកិច្ចពិភាក្សាប្រកបដោយភាពច្បាស់លាស់ និងល្អិតល្អន់នៅក្នុងកិច្ចប្រជុំលើកទី ២ ដែលមានគោលដៅបន្ធូរបន្ថយភាពតានតឹង រវាងមហាយក្សនុយក្លេអ៊ែរទាំង ២ និងអនាគតនៃការគ្រប់គ្រងអាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។
នៅក្នុងជំនួបជាលើកទី ២ រៀបចំឡើងក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សហរដ្ឋអាមេរិក និងរុស្ស៊ីក៏បានឯកភាពគ្នាផងដែរថា នឹងបង្កើតក្រុមការងារចំនួន ២ ដែលនឹងកោះអញ្ជើញភាគីទី ៣ ឱ្យចូលរួមក្នុងកិច្ចប្រជុំបន្ទាប់់។ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់នៃការរៀបចំ កិច្ចប្រជុំមានភាគីទី ៣ ចូលរួមដូចបានលើកឡើងនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ីមានអាវុធនុយក្លេអ៊ែរតំណាងឱ្យ ៩០ភាគរយ នៃអាវុធនុយក្លេអ៊ែរសរុបនៅលើពិភពលោក។ កាលពីថ្ងៃមិថុនា កន្លងទៅ លោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ពូទីន ក៏ធ្លាប់ជួបពិភាក្សាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសផងដែរ ជាទីដែលមេដឹកនាំកំពូលទាំង ២ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង គ្រប់អាវុធនុយក្លេអ៊ែរនៅពេលអនាគត៕