(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ថា មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមភេរវករ អាល់កៃដា ត្រូវបានសម្លាប់ហើយ នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនរបស់យោធាអាមេរិក នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មេដឹកនាំាអាល់កៃដាខាងលើមានឈ្មោះថា សាលីម អាប៊ូ-អះម៉ាត់ (Salim Abu-Ahmad) ដែលជាអ្នកទទួលខុសត្រូវខាងរៀបចំផែនការ, ផ្ដល់ហិរញ្ញវត្ថុ និងបញ្ជាការវាយប្រហារឆ្លងតំបន់របស់ក្រុមអាល់កៃដា។ Salim Abu-Ahmad ត្រូវបានសម្លាប់ដោយយន្ដហោះដ្រូនអាមេរិក នៅតំបន់ឯក្បែរខេត្ត អ៊ីដលីប (Idlib) ប្រទេសស៊ីរីតាំងតែពីថ្ងៃទី២០ ខែកញ្ញាមកម្ល៉េះ។
ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថា តើការវាយប្រហារនេះបានប៉ះពាល់ដល់ជនស៊ីវិល ដែរឬក៏យ៉ាងណានោះទេ។ គិតត្រឹមឆ្នាំ២០២១នេះ យោធាអាមេរិកប្រមាណ ៩០០នាក់ កំពុងបន្តឈរជើងនៅមូលដ្ឋានរបស់ខ្លួន ក្នុងទឹកដីភាគឦសានប្រទេសស៊ីរីនៅឡើយ ដោយស្ថិតក្នុងគោលដៅប្រយុទ្ធប្រឆាំង ក្រុមភេរវករក្នុងតំបន់៕