(តៃប៉ិ)៖ មន្ត្រីទូតជាន់ខ្ពស់នៃសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងឱកាសជួបជាមួយ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ តាមប្រព័ន្ធវីដេអូអនឡាញថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តជានិច្ច ក្នុងការជួយកោះតៃវ៉ាន់ បង្កើនការចូលរួមក្នុងវេទិកាថ្នាក់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងឱកាសនៃការចូលវេទិកាស្តីពី គោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ដែលមានមន្ត្រី UN មួយចំនួនចូលរួម លោក ជែរែមី ខនហ្វសធ៍ (Jeremy Cornforth) នាយករងការិយាល័យតំណាងនៃស្ថានទូតអាមេរិក ដែលបម្រើការងារពាក់ព័ន្ធកោះតៃវ៉ាន់ បានលើកឡើងថា កោះតៃវ៉ាន់ក្នុងនាមជាដែនដី ផលិតបន្ទះឈីបធំបំផុតក្នុងលោក បានប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យាដែលខ្លួនមាន ដើម្បីបំពេញប្រយោជន៍រួម។
យ៉ាងណាក៏ដោយ លោក Jeremy Cornforth មិនបានបង្ហើបនោះទេថា តើវេទិកាអន្តរជាតិ ដែលសហរដ្ឋអាមេរិកចង់ជួយឲ្យកោះតៃវ៉ាន់ចូលរួមនោះ មានអ្វីខ្លះនោះ ដោយលោកគ្រាន់តែចង់បង្ហាញថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាជួយកោះតៃវ៉ាន់ជានិច្ច។ ការប្តេជ្ញាជាថ្មីនេះ បានកើតមានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីកោះតៃវ៉ាន់បានបង្ហាញ ការមិនទុកចិត្តអាមេរិក ដោយសារតែការដកទ័ពចេញពីអាហ្វហ្កានីស្ថានយ៉ាងតក់ក្រហល កាលពីអំលុងខែសីហា ឆ្នាំ២០២១ ដែលបានធ្វើឲ្យប្រទេសនានារិះគន់ និងសើចចំអកអាមេរិកជាខ្លាំង អំពីភាពមិនទទួលខុសត្រូវ និងការបង្កើតប្រវត្តិសាស្ត្រច្រំដែល។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក គ្មានទំនាក់ទំនងការទូតផ្លូវការ ជាមួយគ្នានោះឡើយ ព្រោះបើយោងតាមច្បាប់អន្តរជាតិ កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយ របស់ប្រទេសចិនតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា សហរដ្ឋអាមេរិកនាអំលុងរាប់ទសវត្សរ៍មកនេះ នៅតែស្ថិតនៅពីក្រោយខ្នង ចាំលក់អាវុធ និងកាងកោះតៃវ៉ាន់ជានិច្ច ចំពោះមុខឥទ្ធិពលចិនដែលកើនឡើងយ៉ាងឆាប់រហ័ស៕