(កាប៊ុល)៖ សម្ភារៈចាំបាច់បន្ទាន់ ដែលជាជំនួយបរិច្ចាគរបស់ប្រទេសចិន ត្រូវបានដឹកទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល (Kabul) នៃប្រទេសអាហ្វហ្កានីស្ថាន កាលពីយប់ថ្ងៃពុធម្សិលមិញនេះ និងបានប្រគល់ទៅឱ្យភាគីអាហ្វហ្កានីស្ថានរួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូតចិនប្រចាំអាហ្វហ្កានីស្ថាន លោក វ៉ាង យូ (Wang Yu) និងរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការជនភៀសខ្លួន នៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាន លោក ខាលីល អឺ រេម់ាន់ ហាកានី (Khalil-ur-Rehman Haqqani) បានចូលរួមក្នុងពិធីប្រគល់សម្ភារៈទាំងនេះ នៅឯអាកាសយានដ្ឋាន Kabul។
លោក Wang Yu បាននិយាយនៅក្នុងពិធីប្រគល់ខាងលើថា ចំពេលមានការលំបាកជាច្រើន ប្រទេសចិនបានរៀបចំសម្ភារៈជំនួយមនុស្សធម៌ សម្រាប់ប្រទេសអាហ្វហ្កានីស្ថានក្នុងរយៈពេលដ៏ខ្លី ដែលរួមមានភួយ អាវធំ និងបរិក្ខាផ្សេងៗទៀតសម្រាប់រដូវរងា ដែលប្រជាជនអាហ្វហ្កានីស្ថានត្រូវការជាបន្ទាន់។ លោក Wang បាននិយាយបន្ថែមថា ប្រទេសចិននឹងបន្តរៀបចំសម្ភារៈជំនួយផ្សេងៗ រួមទាំងជំនួយស្បៀងអាហារ ដែលត្រូវបានគេរំពឹងថា នឹងមកដល់មុនពេលកំណត់។
រីឯលោក Khalil-ur-Rehman Haqqani ក៏បានថ្លែងអំណរគុណប្រទេសចិន ដែលបានផ្តល់ជំនួយបន្ទាន់ទាំងនេះ ដល់ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលប្រជាជនអាហ្វហ្កានីស្ថានជាច្រើន កំពុងជួបការលំបាក។
គួរបញ្ជាក់ថា បើតាមតួលេខផ្លូវការ គិតចាប់តាំងពីដើមឆ្នាំ២០២១នេះ ប្រជាជនអាហ្វហ្កានីស្ថានជាង ៦៣៤,០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះនៅក្នុងប្រទេស ហើយប្រជាជនអាហ្វហ្កានីស្ថានប្រហែល ៥.៥លាននាក់ ត្រូវបានផ្លាស់ទីលំនៅ គិតចាប់តាំងពីឆ្នាំ២០១២៕