(ហូជីមិញ)៖ ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម នឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការប្រឆាំង COVID-19 បន្ទាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ដើម្បីអនុញ្ញាតឲ្យសកម្មភាពអាជីវកម្មនិងសង្គម អាចប្រព្រឹត្តទៅបានឡើងវិញ ក្រោយអ្វីៗត្រូវបានរឹតត្បិតអស់រយៈពេលជាច្រើនខែ ដើម្បីតែទប់ទល់នឹងការរាតត្បាត នៃជំងឺឆ្លងដ៏អាក្រក់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។
បើតាមអាជ្ញាធរវៀតណាម តាមរយៈការចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនេះ ប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់តាមដងផ្លូវ នឹងត្រូវដកចេញទាំងស្រុង ហើយលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ ក៏លែងចាំបាច់ទៀតដែរ។ ចំណែក សួនឧស្សាហកម្ម គម្រោងសាងសង់ ផ្សារទំនើប កន្លែងទទួលបដិសណ្ឋារកិច្ច និងភោជនីយដែលផ្តល់សេវាវេចខ្ចប់ នឹងអាចបន្តប្រតិបត្តិការឡើងវិញបាន។
ការសម្រេចខាងលើនេះ មានគោលដៅព្យាយាមជំរុញសេដ្ឋកិច្ច និងស្តារប្រក្រតីភាពមួយចំនួនឡើងវិញ នៅទីក្រុងហូជីមិញ ហើយទន្ទឹមគ្នាគឺ ត្រូវរៀនរស់នៅជាមួយនឹង COVID-19 ដែលជាច្រើនខែមកនេះ បានវាយលុកយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសវៀតណាម។ ទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅ៩លាននាក់ គឺជាកន្លែងរងគ្រោះខ្លាំងជាងគេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧៧៩,៣៩៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៥៨៣,៥០៩នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៩,០៩៨នាក់៕