(ប៉េកាំង)៖ នៅថ្ងៃទី២៨ ខែកញ្ញា តំណាងចិនបានតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍន៍ ចំនួនជាង ៣០ ថ្លែងសុន្ទរកថារួមក្នុងមហាសន្និបាត នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៤៨ ដោយបានអំពាវនាវឱ្យសម្រេចបាននូវ ការចែកចាយវ៉ាក់សាំងដោយស្មើគ្នាជាសកល។ ប្រការនេះបានឆ្លើយតបនឹងបញ្ហា “គម្លាតខាងភាពស៊ាំងនឹងរោគ” ដែលស្គមន៍អន្តរជាតិបានយកចិត្តទុកដាក់ ហើយបានគូសបញ្ជាក់ថា ត្រូវចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈសកល មិនត្រូវអនុវត្ត “ វ៉ាក់សាំងជាតិនិយម”។ ប្រទេសរីកលូតលាស់ ដូចជាអាមេរិកនិងលោកខាងលិចជាដើម ដែលតែងតែនិយាយសិទ្ធិមនុស្សតាមតែមាត់ គួរតែពិចារណាពីកំហុសរបស់ខ្លួនឱ្យបានល្អ។

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាល នៅទូទាំងពិភពលោកដដែល វ៉ាក់សាំងជាឧបករណ៍ដ៏ខ្លាំងក្លា សម្រាប់យកឈ្នះលើជំងឺកូវីដ១៩ ហើយក៏ជាអាវុធដ៏ខ្លាំងក្លា ដើម្បីធានាសិទ្ធិរស់រានមានជីវិត និងសិទ្ធិសុខភាពរបស់មនុស្សជាតិផងដែរ។ ប៉ុន្តែ ប្រទេសរីកលូតលាស់មួយចំនួនតូច បានផ្តាច់មុខវ៉ាក់សាំងភាគច្រើន រីឯប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនវិញ បែរជាខ្វះខាតវ៉ាក់សាំងយ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃទី២៧ ខែកញ្ញា សន្និសីទពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានចេញផ្សាយ «របាយការណ៍ស្តីពីប្រទេសមិនរីកលូតលាស់បំផុត នៅឆ្នាំ២០២១» ដែលបានបង្ហាញឱ្យឃើញថា ក្នុងចំណោមប្រទេសមិនរីកលូតលាស់បំផុតចំនួន ៤៦ នៅលើពិភពលោក មានចំនួនប្រជាជនតែ ២ភាគរយបានចាក់វ៉ាក់សាំងរួច រីឯតួលេខរបស់ប្រទេសរីកលូតលាស់ គឺ ៤១ភាគរយ ។

ក្នុងនោះ ទង្វើរបស់អាមេរិកនិងលោកខាងលិចមួយចំនួន គួរឱ្យអ្នកផងអស់សង្ឃឹមក្នុងការចែកចាយវ៉ាក់សាំង ។ បើយកអាមេរិកជាឧទាហរណ៍អាចឃើញថា មុនដំបូង អាមេរិកបានស្តុកទុកវ៉ាក់សាំងជំងឺកូវីដ១៩ ដែលមានចំនួនលើសពីតម្រូវការរបស់ខ្លួនយ៉ាងច្រើន ព្រមទាំងបានដាក់កំហិតទៅលើការនាំចេញ សម្ភារៈដើមសម្រាប់ផលិតវ៉ាក់សាំង ក្នុងន័យរារាំងមិនឱ្យប្រទេសក្រីក្រចាក់វ៉ាក់សាំង ដែលបានធ្វើឱ្យការចែកចាយវ៉ាក់សាំង ដោយមិនស្មើគ្នាមានភាពកាន់តែខ្លាំងឡើងៗរ។ អនុលោមតាមការវិភាគរបស់សមាគម Brookings ដែលជាធនាគារគំនិតរបស់អាមេរិកបានឱ្យដឹងថា គិតរហូតដល់ថ្ងៃទី ២៥ ខែកញ្ញា អាមេរិកប្រហែលនៅសល់វ៉ាក់សាំងសរុបចំនួន ៥០០លានដូស ។


មជ្ឈដ្ឋានខាងក្រៅបានមើលឃើញថា ខណៈពេលអ្នកនយោបាយអាមេរិក និងលោកខាងលិចចាត់ទុកវ៉ាក់សាំងជាឧបករណ៍នយោបាយ ប្រទេសចិនបានផ្តល់វ៉ាក់សាំងដល់សហគមន៍អន្តរជាតិ តាមសមត្ថភាពរបស់ខ្លួន ហើយបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបតិ្តការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាសកល។ បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួន ១,២០០លានដូស និងវត្ថុធាតុដើមនៃវ៉ាក់សាំងដល់ប្រទេស និងអង្គការអន្តរជាតិចំនួនជាង ១០០។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិននឹងខិតខំប្រឹងប្រែងដើម្បីផ្តល់វ៉ាក់សាំងចំនួន ២,០០០លានដូសដល់បរទេសពេញមួយឆ្នាំក្នុងឆ្នាំនេះ នឹងបរិច្ចាគដោយឥតសំណងនូវវ៉ាក់សាំង ១០០លានដូសទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ លើមូលដ្ឋានបរិច្ចាគប្រាក់ ១០០លានដុល្លារអាមេរិក ដល់ផែនការអនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩ ហៅកាត់កម្មវិធី COVAX។

វ៉ាក់សាំងហាក់ដូចជាឧបករណ៍ធ្វើតេស្ត ដែលអាចរកឃើញថា អ្នកណាមានទំនួលខុសត្រូវ និងការពារសិទ្ធិមនុស្ស ហើយក៏អាចរកឃើញថា អ្នកណាទម្លាក់កំហុសឱ្យគេ និងជាន់ឈ្លីលើសិទ្ធិមនុស្ស។ បើសិនជាអាមេរិកនិងលោកខាងលិចពិតជាគោរពសិទ្ធិមនុស្ស ដូចពួកគេតែងតែនិយាយតាមតែមាត់អ៊ីចឹង នោះគួរតែផ្តល់ជំនួយដល់សហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញការចែកចាយវ៉ាក់សាំងដោយស្មើគ្នា ដើម្បីលុបបំបាត់គម្លាតខាងភាពស៊ាំងនឹងរោគ។ បើពុំនោះសោត នោះមុខមាត់លាក់ពុតរបស់ពួកគេ គ្រាន់នឹងក្លាយជារឿងគួរឱ្យអស់សំណើច លើពិភពលោកប៉ុណ្ណោះ៕ (#CCFR Comment#)