(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សភាជាតិនៅថ្ងៃអង្គារសប្ដាហ៍នេះថាការដួលរលំភ្លាមៗនៃកងទ័ពអាហ្វហ្កានីស្ថាន ក្រោមថ្វីដៃរបស់ក្រុមតាលីបង់ បានធ្វើឱ្យមន្ទីរបញ្ចកោណនឹកស្មានមិនដល់ និងមានការភ្ញាក់ផ្អើលជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។
នៅចំពោះមុខការសួរចម្លើយដោយគណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភាអាមេរិកពាក់ព័ន្ធនឹងបរាជ័យរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាម ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន លោក Lloyd Austin បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ កងទ័ពអាហ្វហ្កានីស្ថានដែលយើង និងសម្ព័ន្ធមិត្តរបស់យើងបានបណ្ដុះបណ្ដាលបានដួលរលំយ៉ាងឆាប់រហ័ស ហើយនៅក្នុងករណីខ្លះ គឺពួកគេមិនបានបាញ់តបតប្រឆាំងនឹងសត្រូវវិញឡើយដោយសុខចិត្តទម្លាក់អាវុធសុំចុះចាញ់ ដែលនេះពិតជាធ្វើឱ្យយើងមានការភ្ញាក់ផ្អើលជាខ្លាំង និងនឹកស្មានមិនដល់»។
គួរបញ្ជាក់ថា ការដួលរលំរបស់អាហ្វហ្កានីស្ថាន បានវាយប្រហារលើប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានអះអាងថាសហរដ្ឋអាមេរិកទទួលបានជោគជ័យនៅក្នុងបេសកកម្មនៅអាហ្វហ្កានីស្ថាន។ ប្រជាជនអាមេរិកមិនមែនមិនពេញចិត្តចំពោះការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាននោះទេ តែអ្វីដែលពួកគេមិនពេញចិត្ត នោះគឺវិធីសាស្ត្រដោះស្រាយបញ្ហារបស់លោក បៃដិន ដែលបណ្ដាលឱ្យកងទ័ពអាមេរិក ១៣នាក់ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត របស់ពួក ISIS នៅអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅ៕