(វ៉ាស៊ីនតោន)៖ នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្ដមសេនីយ៍ Mark Milley បានការពារកិច្ចសន្ទនាតាមទូរស័ព្ទជាសម្ងាត់ជាមួយសមភាគីចិនរបស់លោក ប្រឈមមុខនឹងការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋដែលអំពាវនាវាឱ្យលោកចុះចេញពីតំណែង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោក Mark Milley មានអាយុ៦៣ឆ្នាំ បានទទួលស្គាល់នៅសវនាការសួរចម្លើយរបស់គណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះថាលោក ពិតជាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាសម្ងាត់ជាមួយឧត្ដមសេនីយ៍ចិន លោក Li Zuocheng ពិតមែន ប៉ុន្តែមិនបានបិទបាំងរឿងនេះចំពោះអតីតមន្ត្រីរដ្ឋបាលលោក ដូណាល់ ត្រាំ នោះទេ ហើយថែមទាំងបានទទួលការណែនាំពីក្រុមមន្ត្រីទាំងនេះក្នុងការបន្ធូរបន្ថយភាពតានតឹងជាមួយចិនទៀតផង។
បន្ថែមពីលើនេះ លោក Mark Milley ក៏បានទទួលស្គាល់ផងដែរថាលោកបានបញ្ជូនសារធានាមួយ ទៅកាន់ទីក្រុងប៉េកាំងថាសហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារ ជាមុនលើចិននោះទេ បន្ទាប់ពីក្រុមមន្ត្រីចារកម្មអាមេរិកបញ្ជាក់ថាចិនមានការព្រួយបារម្ភខ្លាចលោក ដូណាល់ ត្រាំ អាចនឹងបញ្ជាឱ្យកងទ័ពអាមេរិកបើកការវាយប្រហារ លើចិន ក្រោយបរាជ័យក្នុងការបោះឆ្នោត។
គួរបញ្ជាក់ថា លោក Mark Milley ត្រូវបានគេរាយការណ៍ថាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាសម្ងាត់ជាមួយឧត្ដមសេនីយ៍ចិន លោក Li Zuocheng ចំនួន២លើក គឺលើកទីមួយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ និងលើកទី២ នៅថ្ងៃទី៨ ខែមករាឆ្នាំ២០២១។ នៅក្នុងកិច្ចសន្ទនានេះ អ្វីដែលសំខាន់គឺលោក Milley បានសន្យាថានឹងព្រមានប្រាប់ចិនជាមុន ប្រសិនបើមានបញ្ជាឱ្យបើកវាយប្រហារ ខណៈលោកផ្ទាល់បានបង្គាប់ឱ្យមន្ត្រីរបស់លោកត្រូវរាយការណ៍ជូនលោកជាមុនសិន ក្នុងករណីលោក ត្រាំ បញ្ជាឱ្យវាយប្រហារលើចិន៕