(សេអ៊ូល)៖ មួយថ្ងៃក្រោយការបាញ់សាកល្បងអាវុធថ្មី ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននោះ ប្រទេសកូរ៉េខាងជើងបានប្រកាសប្រាប់ពិភពលោកថា វាគឺជាមីស៊ីលលឿនជាងសំឡេង «ហៃភើសូនិច» (hypersonic missile) ប្រភេទថ្មី ដែលខ្លួនទើបបានអភិវឌ្ឍឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។
មីស៊ីលប្រភេទថ្មីខាងលើនេះ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង និងធ្លាក់ចូលទៅក្នុងដែលសមុទ្រភាគខាងកើតនោះវិញ។ KCNA បានហៅព្រឹត្តិការណ៍កាលពីថ្ងៃអង្គារនោះថា គឺការបង្កើនសមត្ថភាព ការពារខ្លួនរបស់កូរ៉េខាងជើង ខណៈគ្រាប់មីស៊ីលហៃភើសូនិក (អាចហោះលឿនជាងល្បើនសំឡេង ៥ដងឡើងទៅ ឬស្មើនឹងជាង ១គីឡូម៉ែត្រក្នុង១វិនាទី) នេះត្រូវបានចាត់ទុកជា «អាវុធយុទ្ធសាស្ត្រ»។
ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា នៅតែបន្តការអភិវឌ្ឍប្រព័ន្ធសព្វាវុធ របស់ខ្លួនជាដរាប នៅចំពោះមុខភាពជាប់គាំងនៃកិច្ចសន្ទនា និងចរចា ជាមួយសហរដ្ឋអាមេរិក។ សម្រាប់ការធ្វើតេស្តលើកចុងក្រោយ កាលពីថ្ងៃអង្គារម្សិលមិញនេះ មិនមានវត្តមានប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមអង្កេតដោយផ្ទាល់នោះឡើយ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍវិស័យការពារជាតិកូរ៉េខាងជើង ត្រូវបានសារព័ត៌មានរដ្ឋ KCNA ដកស្រង់សម្តីយ៉ាងដូច្នេះថា នេះគឺជាការធ្វើតេស្តលើកដំបូងហើយ សម្រាប់ប្រព័ន្ធគ្រប់គ្រងទិសដៅ និងលំនឹងរបស់គ្រាប់មីស៊ីល។ គ្រាប់មីស៊ីលប្រភេទថ្មីនេះមានឈ្មោះថា វ៉ាសុង-៨ (Hwasong-8) គឺជាប្រភេទមីស៊ីលហៃភើសូនិច ប្រើប្រាស់ម៉ាស៊ីនជំរុញ ដើរដោយថាមពលឥន្ធនៈរាវ ជាលើកដំបូងរបស់កូរ៉េខាងជើង៕