(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៤,៥៨៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៦រណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែ ៣៧៧នាក់ប៉ុណ្ណោះនៅថ្ងៃនេះ ដោយមានការធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៧៨នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧៧០,៦៤០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៥៥៩,៩៤១នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៨,៩៣៦នាក់៕