(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យប្រជាជនទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខណៈករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ បានបន្តកើនឡើងយ៉ាងគំហុក និងឆ្លងរីករាលដាលដល់បណ្តាខេត្តជាច្រើន នៅទូទាំងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។
អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាលឡាវ លោក ស៊ីសាវ៉ាត់ សួតថានីរ៉ាសៃ (Sisavath Soutthaniraxay) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រជាជនទាំងអស់នៅក្នុងប្រទេស ត្រូវតែបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសេចក្តីណែនាំរបស់រដ្ឋាភិបាលប្រឆាំងនឹងជំងឺ COVID-19 ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
លោក Sisavath បានថ្លែងបន្តទៀតថា ប្រទេសឡាវបានធ្វើតេស្តរកជំងឺ COVID-19 លើមនុស្សចំនួន ៥,៩១១នាក់នៅទូទាំងប្រទេសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយមានមនុស្សចំនួន ៥០០នាក់បានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន»។ មន្ត្រីរូបនេះបានបន្ថែមថា ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ទាំង ៥០០ករណីខាងលើនេះ មាន ៤៧១ករណី ជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ៣៦៣ករណីត្រូវបានរកឃើញនៅក្នុង រដ្ឋធានីវៀងច័ន្ទ (Vientiane) ខណៈករណីដែលនៅសល់ ត្រូវបានរកឃើញនៅក្នុងខេត្តផ្សេងៗទៀតនៅក្នុងប្រទេស។ ចំណែកឯ ២៩ករណីផ្សេងទៀត ជាករណីនាំចូល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២២,៩៤១ករណី ក្នុងនោះមានអ្នកស្លាប់ ១៦នាក់។ គិតត្រឹមដើមសប្តាហ៍នេះ ប្រទេសឡាវបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ៤.៧លានដូសហើយ ក្នុងនោះប្រជាជន ១.៩១លាននាក់ (២៦.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕