(ម៉ានីល)៖ លោក ហារី រ៉ូគេ (Harry Roque) អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃអង្គារនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចាប់ពីខែក្រោយ កុមារអាយុ១២ឆ្នាំឡើងទៅ គឺអាចទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានហើយ ខណៈប្រទេសហ្វីលីពីន កំពុងប្រឹងប្រែងពង្រីកបន្ថែម នូវយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីទប់ទល់ការរាតត្បាតនៃវីរុសបំប្លែងខ្លួន Delta។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ការអនុញ្ញាតនេះកើតមានឡើង បន្ទាប់ពីអាជ្ញាធរឱសថនិងចំណីអាហារហ្វីលីពីន បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna សម្រាប់ចាក់ឲ្យកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ ការចាក់វ៉ាក់សាំងឲ្យក្មេងៗនេះ ត្រូវគេមើលឃើញថា គឺជាជំហានគន្លឹះមួយ ដើម្បីឆ្ពោះទៅរកការបើកទ្វារសាលារៀនឡើងវិញ ក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីការផ្អាកអស់រយៈពេលយ៉ាងយូរ។ កន្លងទៅនេះ ហ្វីលីពីន បានប្រកាសពីផែនការ ដើម្បីបើកសាកល្បងនូវ សាលារៀនថ្នាក់បឋមសិក្សា និងវិទ្យាល័យចំនួន១២០កន្លែង។
គួរបញ្ជាក់ថា អត្រាករណីឆ្លង COVID-19 ប្រចាំថ្ងៃ នៅហ្វីលីពីន បានលោតឡើងខ្លាំង ដោយជារឿយៗលើស ២០,០០០នាក់ ក្នុងមួយថ្ងៃ។ ហ្វីលីពីនបានកត់ត្រាករណីឆ្លងសរុប ២.៥លាននាក់ ក្នុងនោះស្លាប់ជាង ៣៧,០០០នាក់។ សម្រាប់ការចាកវ៉ាក់សាំងវិញ គឺក្រោយចាប់ផ្តើមយុទ្ធនាការកាលពីជិត៧ខែមុន មកទល់នឹងពេលនេះ ប្រជាជនហ្វីលីពីនជាង ២០លាននាក់ប៉ុណ្ណោះ ឬស្មើនឹងជិត ១៩ភាគរយនៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងពេញលេញ (គ្រប់២ដូស)៕