(ពិភពលោក)៖ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទទួលបានការកោតសរសើរពីបណ្តាប្រទេសលោកខាងលិច លើកម្មវិធីចាក់វ៉ាក់សាំងបង្ការវីរុស កូវីដ១៩របស់កម្ពុជា គឺពិតជាទទួលបានជោគជ័យយ៉ាងធំធេង ពោលគឺជាង៩៨%នៃមនុស្សពេញវ័យនៅកម្ពុជាទាំងអស់ បានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស ខណៈដែល៦៥% បានចាក់វ៉ាក់សាំងបង្ការពេញលេញ ហើយចំនួននេះក៏បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ទៀតផងដែរ។
«រាជធានីភ្នំពេញក៏ជារាជធានីមួយ ដែលបានចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ដល់ប្រជាជនបានច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ» នេះបើយោងតាម សារព័ត៌មាន The World ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Boston សហរដ្ឋអាមេរិក ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
សារព័ត៌មាននេះបានផ្សាយដែរថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានទំហំតូចជាងសេដ្ឋកិច្ចនៃទីក្រុង Huntsville នៃរដ្ឋ Alabama។ ក៏ប៉ុន្តែនៅពេលនិយាយដល់ការចាក់វ៉ាក់សាំងវ៉ាក់សាំង១៩ ប្រជាជនចំនួន១៦លាននាក់របស់កម្ពុជា ពិតជាបានវ៉ាដាច់បណ្តារដ្ឋរបស់អាមេរិក ដូចជា Alabama, រដ្ឋ Texas និងរដ្ឋ Ohio ខណៈដែលអត្រាចាក់ វ៉ាក់សាំងពេញលេញរបស់កម្ពុជាគឺមានចំនួនស្មើនឹងរដ្ឋ New York។
កាលពីនៅខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលពិភពលោកជាច្រើន កំពុងភ័យស្លន់ស្លោអំពីវីរុសដ៏អាថ៌កំបាំង ដែលមានប្រភពមកពីប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បែរជាបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដែលនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋ បន្ទាប់ពីពេលកើតមានវីរុសកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានស្ម័គ្រចិត្តធ្វើដំណើរទៅកាន់ទីក្រុង Wuhan ទៀតផង ដែលពេលនោះវាគឺជាចំណុចនៃការចាប់ផ្តើមរាតត្បាតនៃវីរុសកូវីដ១៩ ក៏ប៉ុន្តែសម្តេចតេជោ មិនបានធ្វើដំណើរទៅទេ ដោយសារចិនមានការពិបាកក្នុងការរៀបចំទទួលនៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ លោកពិតជា បានបង្ហាញនូវសារយ៉ាងច្បាស់លាស់ថា «ប្រទេសចិន, យើងនឹងគាំទ្រអ្នក»។
ជាលទ្ធផល នៅពេលប្រទេសចិនបង្កើតបានវ៉ាក់សាំងកូវីដ១៩ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសបរទេសដំបូងគេដែលទទួលបានវ៉ាក់សាំងនេះនិងក្នុងចំនួនដ៏ច្រើន។
សម្តេចតេជោ ហ៊ុន សែន មិនបានរង់ចាំរហូតដល់ អង្គការសុខភាពពិភពលោក (WHO) អនុម័តទទួលស្គាល់វ៉ាក់សាំងរបស់ចិន ដូចជា Sinovac នោះទេ ដោយក្នុងនោះ លោកបានបន្ទរតាមការលើកឡើងរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ថា «វាមានសុវត្ថិភាពហើយ» និងបានចាប់ផ្តើមចាក់វ៉ាក់សាំងនេះជូនដល់ពលរដ្ឋរបស់លោកភ្លាមៗ។
សូមជំរាបថា នៅក្នុងអំឡុងឆ្នាំ២០១០ ពាក់កណ្តាលនៃកញ្ចប់ថវិការរបស់កម្ពុជា គឺទទួលបានពីម្ចាស់ជំនួយបរទេស បូករួមទាំងពីសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែនៅមួយទសវត្សរ៍ចុងក្រោយនេះ ការផ្លាស់ប្តូរយ៉ាងខ្លាំងបានកើតមានដោយក្នុងនោះប្រទេសចិន បានក្លាយជាម្ចាស់ជំនួយដ៏ធំមួយ បើធៀបនឹងសហរដ្ឋអាមេរិក និងម្ចាស់ជំនួយលោកខាងលិចដទៃទៀត ខណៈទីក្រុងប៉េកាំងបានផ្តល់ជំនួយដល់កម្ពុជា ដោយមិនមានការប្រមាថម៉ាក់ងាយអ្វីឡើយ។
ចាប់តាំងពីពេលកើតមានការរាតត្បាតនៃវីរុសកូវីដ១៩ សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំង Johnson & Johnson តែមួយលានដូសប៉ុណ្ណោះមកឱ្យកម្ពុជា ខណៈដែលយន្តការ COVAX ដែលជាដៃគូរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្តាប្រទេសក្រីក្រ បានបញ្ជូនវ៉ាក់សាំងមកឱ្យកម្ពុជាប្រមាណ ៣៥០,០០០ដូសប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរប្រទេសចិនបានផ្តល់ឱ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ រហូតដល់ប្រមាណ ៣០លានដូស។
រដ្ឋាភិបាលកម្ពុជាអាចនឹងនាំមុខតំបន់អាស៊ីទាំងមូល នៅពេលនិយាយដល់ការចាក់វ៉ាក់សាំងកូវីដ១៩។ កម្ពុជាមានបំណងចង់ឱ្យប្រជាជនជាង ៩០% បានចាក់វ៉ាក់សាំង បង្ការពេញលេញហើយគោលដៅនេះពិតជាអាចនឹងសម្រេចបាន ខណៈដែលសហរដ្ឋអាមេរិកកំពុងជជែកវែកញែកអំពីការផ្តល់វ៉ាក់សាំងដល់កុមារតូចៗ កាលពីសប្តាហ៍មុន ប្រទេសកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពីអាយុ ៦ឆ្នាំឡើងរួចហើយ៕
ដោយសារព័ត៌មាន The World.