(បាងកក)៖ គ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះត្រូពិត ទានមូ (Dianmu) វាយប្រហារខេត្តចំនួនជិតពាក់កណ្តាល នៃខេត្តសរុបទាំង ៧៧ របស់ប្រទេសថៃនោះ បានបង្កឲ្យមនុស្ស ៦នាក់បាត់បង់ជីវិត និង ២នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។
អាជ្ញាធរគ្រប់គ្រងគ្រាមានអាសន្នរបស់ថៃ (DDPM) បានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះទៀតថា ខេត្តចំនួន ៣០ ស្ថិតនៅភាគកណ្តាលប្រទេសអាស៊ានមួយនេះ ត្រូវបានព្យុះត្រូពិចខាងលើនេះវាយប្រហារ ដែលបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងដំណំ និងលំនៅឋានប្រជាជនជាង ៧០,០០០ខ្នង រងការលិចលង់។
បើតាម DDPM ស្ថានការណ៍ទឹកជំនន់ក្នុងខេត្តចំនួន ៧ បានធូរស្បើយបន្តិចហើយ នៅឡើយតែខេត្តចំនួន ២៣ ទៀតកំពុងបន្តស្ថិតក្នុងភាពធ្ងន់ធ្ងរដដែល។ យ៉ាងណាក៏ដោយ អាជ្ញាធរថៃបានព្យាកររួចហើយថា ភ្លៀងធ្លាក់យ៉ាងសន្ធប់បន្ថែមទៀត នឹងកើតឡើងនៅតំបន់ភាគឦសាន និងភាគកណ្តាលប្រទេស នៅក្នុងរយៈពេល ៣ថ្ងៃខាងមុខ។
ហេតុដូច្នេះ អាជ្ញាធរ DDPM របស់ថៃកំពុងបន្តតាមដានស្ថានការណ៍ ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់កម្លាំងបង្ការទុកជាមុន ក្រែងលោមានគ្រោះរអិលបាក់ដី និងហេតុការណ៍អាក្រក់ផ្សេងៗទៀតកើតឡើង៕