(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា មីស៉ីលមួយគ្រាប់ដែលកូរ៉េខាងជើង បាញ់តេស្តនៅថ្ងៃអង្គារនេះ គឺជាមីស៉ីលរយៈចម្ងាយខ្លី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។
យោងតាមសេចក្តីថ្លែងការណ៍ របស់យោធាកូរ៉េខាងត្បូង មីស៉ីលនោះត្រូវបានបាញ់តេស្តចេញពីខេត្ត ចាហ្កាង (Jagang) នៃប្រទេសកូរ៉េខាងជើង នាព្រឹកថ្ងៃអង្គារនេះ។ កូរ៉េខាងត្បូង មិនបានបញ្ជាក់ឲ្យច្បាស់នោះទេថា វាគឺជាប្រភេទមីស៉ីលបាលីស្ទីក ដែលជាមីស៊ីលផ្លោងមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ឬយ៉ាងណា ប៉ុន្តែខាងរដ្ឋាភិបាលជប៉ុន បានអះអាងថា វាទំនងជាមីស៉ីលបាលីស្ទីក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កូរ៉េខាងជើង ទើបតែបានបាញ់តេស្តមីស៉ីលផ្លោងរយៈចម្ងាយខ្លី២គ្រាប់ ទៅកាន់សមុទ្រខាងកើត។ ចំណែកកាលពីថ្ងៃទី១១-១២ ខែកញ្ញា កូរ៉េខាងជើង ក៏បានបាញ់តេស្តមីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយផងដែរ។ មិនតែប៉ុណ្ណោះ កាលពីអំលុងដើមឆ្នាំនេះ គឺកូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលគ្រូស២គ្រាប់ នៅថ្ងៃទី២២ ខែមករា និងថ្ងៃទី២១ ខែមីនា ខណៈនៅថ្ងៃទី២៥ ខែមីនា កូរ៉េខាងជើងបាន បាញ់តេស្តមីស៉ីលផ្លោង២គ្រាប់៕