(ស៉ីដនី)៖ អភិបាលរដ្ឋញូសោតវែលស៍ (New South Wales) លោកស្រី គ្លេឌីស ប៊ឺរេជីកលៀន (Gladys Berejkilian) នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះបានព្រមានថា ប្រជាជននៅទីក្រុងស៊ីដនី ដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវប្រឈមមុខនឹងការរារាំងពីសកម្មភាពសង្គមផ្សេងៗ ទោះបីជាពួកគេអាចមានសេរីភាពពីបទបញ្ជាឱ្យស្នាក់នៅផ្ទះ នៅខែធ្នូខាងមុខនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្រោមផែនទីចង្អុលផ្លូវ ដើម្បីចាកចេញពីវិធានការបិទខ្ទប់ នៅក្នុងទីក្រុងស៊ីដនី ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ប្រទេសអូស្រ្តាលី ប្រជាជនដែលមិនបានទទួលការចាក់វ៉ាក់សាំង ត្រូវប្រឈមមុខនឹងការរារាំងមួយចំនួន នៅក្នុងសកម្មភាពសង្គមរបស់ពួកគេ ព្រោះថាសិទ្ធិសេរីភាពពេញលេញ នឹងត្រូវផ្តល់ឱ្យតែប្រជាជនណា ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ នៅចន្លោះថ្ងៃទី១១ ខែតុលា និងថ្ងៃទី០១ ខែធ្នូខាងមុខនេះ។
លោកស្រី Berejkilian បានថ្លែងបន្ថែមទៀតថា អ្នកដែលជ្រើសរើសមិនទទួលការចាក់វ៉ាក់សាំង អាចត្រូវបានហាមឃាត់មិនឱ្យចូលហាងលក់ទំនិញ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា សូម្បីតែបន្ទាប់ពីរដ្ឋនេះ ដកចេញនូវវិធានការរឹតត្បិតទាំងអស់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូខាងមុខនេះក៏ដោយ។
លោកស្រី Berejiklian បានសង្កត់ធ្ងន់ទៀតថា «អាជីវករជាច្រើនបាននិយាយថា ពួកគេនឹងមិនទទួលស្វាគមន៍ អ្នកណាដែលមិនបានទទួលការចាក់វ៉ាក់សាំងទេ។ ជីវិតសម្រាប់អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង នឹងពិបាកខ្លាំងណាស់ដោយគ្មានដែនកំណត់ឡើយ»។
ហាងស្រា ហាងកាហ្វេ ហាងកាត់សក់ និងកន្លែងហាត់ប្រាណ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១១ ខែតុលាខាងមុខនេះនៅរដ្ឋ New South Wales ដែលមានទីក្រុងស៊ីដនីនៅក្នុងនោះ ហើយវិធានការរឹតត្បឹតបន្ថែមទៀត នឹងត្រូវបានបន្ធូរបន្ថយនៅពេលដែលប្រហែល ៨០ភាគរយ នៃប្រជាជនពេញវ័យសរុបរបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ដែលត្រូវបានគេរំពឹងថា នឹងសម្រចបាននៅចុងខែតុលាខាងមុខនេះ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១០០,៩១៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,២៥៦នាក់ និងអ្នកជាសះស្បើយ ៧៤,៧៨១នាក់ ខណៈប្រហែល ៥២ភាគរយនៃប្រជាជនសរុបជាង ២៥លាននាក់បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ៕