(ប៉េកាំង)៖ «ប្រទេសចិននឹងខិតខំដើម្បីឈានដល់ការកាត់បន្ថយ ការបញ្ចេញកាបូនពេលឡើងដល់ចំណុចកំពូលមុនឆ្នាំ ២០៣០ និងសម្រេចអព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០»។ «នេះគឺត្រូវការធ្វើកិច្ចខិតខំតស៊ូយ៉ាងលំបាក ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។ ប្រទេសចិននឹងគាំទ្រយ៉ាងខ្លាំង ដល់ការអភិវឌ្ឍថាមពលបៃតង និងកាបូនទាបនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងលែងសាងសង់គម្រោងអគិ្គសនីដើរដោយធ្យូងថ្មនៅបរទេសទៀតទេ»។ ខណៈពេលចូលរួមការជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ កាលពីថ្ងៃទី ២១ ខែកញ្ញា មេដឹកនាំកំពូលចិនបានធ្វើសន្យាយ៉ាងម៉ឺងម៉ាត់ ដូចពោលខាងលើទៅកាន់ពិភពលោកតាមប្រព័ន្ធវីដេអូ។
អំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Yulin ខេត្ត Shannxi នៅខែកញ្ញា លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាប្រភពថាមពលសំខាន់នៃប្រទេសចិន ការអភិវឌ្ឍនៃធ្យូងថ្មគួរតែអនុវត្តតាមទិសដៅបៃតង និងកាបូនទាប ដើម្បីសម្រេចបាននូវភារកិច្ចនៃការកាត់បន្ថយ ការបញ្ចេញកាបូនពេលឡើងដល់ចំណុចកំពូល និងសម្រេចអព្យាក្រឹតភាពកាបូន។ គួរតែផ្តោតសំខាន់ទៅលើសភាពការណ៍របស់ប្រទេសខ្លួន គ្រប់គ្រងបរិមាណសរុប រក្សានូវខ្សែបន្ទាត់ក្រហម ព្រមនិងការកាត់បន្ថយ និងជំនួសប្រកបដោយរបៀបរៀបរយ ក្នុងន័យជំរុញឱ្យការប្រើប្រាស់ខាងធ្យូងថ្មផ្លាស់ប្តូររូបមន្ត និងលើកកម្ពស់លំដាប់ថ្នាក់។
លោក John Forbes Kerry បេសកជនពិសេសអំពីបញ្ហាអាកាសធាតុ របស់ប្រធានាធិបតីអាមេរិក, លោក Alok Sharma មន្រ្តីជាន់ខ្ពស់ផ្នែកអាកាសធាតុរបស់អង់គ្លេស និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងការស្វាគមន៍ ចំពោះសេចក្តីថ្លែងការណ៍របស់ចិនភ្លាម។ លោក John Forbes Kerry បានកោតសរសើរថា សេចក្តីសម្រេចចិត្តរបស់ចិននឹងជា «ការរួមចំណែកដ៏មហិមាមួយ»។
ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ និងអ្នកជំនាញលើវិស័យសំចៃថាមពល និងកាត់បន្ថយការបញ្ចេញកាបូនសម្គាល់ឃើញថា សេចក្តីសម្រេចចិត្តរបស់ចិននេះមានសារៈសំខាន់បំផុត ចំពោះអគិ្គសនីដើរដោយធ្យូងថ្មនៅទូទាំងពិភពលោក។
លោក Dr.Kevin Gallagher ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ គោលនយោបាយអភិវឌ្ឍន៍សកល នៃសាកលវិទ្យាល័យ Boston អាមេរិកបានថែ្លងថា ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងបង្អស់ ដែលធ្វើធ្វើសន្យាដូចពោលខាងលើ ប្រការនេះ «គួរឱ្យកោតសរសើរណាស់»។ ចំណែកស្ថានីយទូរទស្សន៍ Al Jazeera បានពិពណ៌នាប្រទេសចិនថា ជា «អ្នកផ្លាស់ប្តូរក្បួនច្បាប់ហ្គេម» នៃឧស្សាហកម្មអគិ្គសនីដើរដោយធ្យូងថ្មជាសកល។
យោងតាមទិន្នន័យដែលប្រកាសដោយ អង្គការស្ទង់ពិនិត្យថាមពលសកល របស់អាមេរិកបានបង្ហាញថា ពាក្យសន្យារបស់ចិន ស្តីពីការលែងសាងសង់គម្រោងអគិ្គសនីដើរដោយធ្យូងថ្មនៅបរទេស មានន័យថា ការវិនិយោគចំនួន ៥ម៉ឺនលានដុល្លារអាមេរិក មានលទ្ធភាពរសាយសាបសូន្យ និងការកាត់បន្ថយការបញ្ចេញកាបូនចំនួន ២០០ លានតោនជារៀងរាល់ឆ្នាំ។
ក្នុងនាមជាប្រទេសជំរុញនិងអនុវត្តនៃ «កិច្ចព្រមព្រៀងក្រុងប៉ារីស» ប្រទេសចិនបានចាត់ប្រតិបតិ្តជាក់ស្តែងយ៉ាងសកម្មជាប់រហូត ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាសកល។ ក្នុងកិច្ចប្រជុំកំពូលអាកាសធាតុឆ្នាំ ២០២០ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ដល់ឆ្នាំ ២០៣០ ការបញ្ចេញកាបូនគិតជាឯកតា នៃផលិតផលក្នុងស្រុកសរុបរបស់ចិន នឹងថយចុះលើសពី ៦៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០០៥ អនុបាតនៃថាមពលមិនមែនហ្វុស្សីល ក្នុងចំនួនថាមពលប្រើប្រាស់មួយលើក នឹងឡើងដល់ ២៥ ភាគរយ ចំនួនរក្សាទុកព្រៃឈើនឹងកើនឡើង ៦ពាន់លានម៉ែត្រគូបបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ចំណុះដំឡើងម៉ាស៊ីនសរុបនៃការផ្សាយអគ្គិសនីដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យនឹងឡើងដល់ជាង ១ ពាន់ ២ រយលានគីឡូវ៉ាត់។
វិធានការថ្មីមួយចំនួនទាំងនេះបានបង្ហាញយ៉ាងច្បាស់ ទៅកាន់សហគមន៍អន្តរជាតិថា ពាក្យសន្យារបស់ចិនស្តីពីការរួមចំណែកដោយម្ចាស់ការ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ មិនមែននិយាយបានតែមាត់នោះទេ តែគឺមានផែនការអនុវត្តយ៉ាងច្បាស់លាស់។
តាមពិតទៅ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍបៃតងបានក្លាយជាទស្សនៈគន្លឹះមួយ ដែលណែនាំការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ចិន ហើយក៏ជាទីបង្អែកដែលប្រទេសចិន ហ៊ានធ្វើពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ ទៅកាន់មជ្ឈដ្ឋានខាងក្រៅផងដែរ។
ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក ការអភិវឌ្ឍថាមពលរបស់ចិនបានឈានចូលយុគសម័យថ្មី។ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ថ្មី អំពីការច្នៃប្រឌិតថ្មី ការសម្របសម្រួល បៃតង ភាពបើកទូលាយនិងចែករំលែក បានជំរុញគ្រប់ជ្រុងជ្រោយ នូវការកែទម្រង់វិធីប្រើប្រាស់ខាងថាមពល បានបង្កើតប្រព័ន្ធផ្គត់ផ្គង់ថាមពលស្អាតសម្បូរបែប ក៏ដូចជាបន្តជំរុញកំណែទម្រង់យន្តការថាមពល មានភាពស៊ីជម្រៅ និងបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យថាមពល ពោលគឺ ថាមពលចិនបានចូលក្នុងដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
យោងតាមទិន្នន័យស្ថិតិជាជំហានដំបូងបានឱ្យដឹងថា នៅឆ្នាំ ២០១៩ អនុបាតនៃការប្រើប្រាស់ធ្យូងថ្ម ក្នុងបរិមាណប្រើប្រាស់ថាមពលសរុបគឺ ៥៧.៧ ភាគរយដែលបានធ្លាក់ចុះ ១០.៨ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១២ អុនបាតប្រើប្រាស់ថាមពលស្អាត ដូចជា ឧស្ម័នធម្មជាតិ វារីអគ្គិសនី អគិ្គសនីនុយគ្លេអ៊ែរនិងអគ្គសនីដើរដោយខ្យស់ជាដើម។ ក្នុងបរិមាណប្រើប្រាស់ថាមពលសរុប គឺ ២៣.៤ ភាគរយដែលបានកើនឡើង ៨.៩ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១២។
វាច្បាស់ណាស់ថា ដើម្បីសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ប្រទេសចិនបានគ្រោង"ផែនទីផ្លូវ"យ៉ាងច្បាស់លាស់។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចក៏បានប្រកាសពីគោលដៅ កាត់បន្ថយការបញ្ចេញកាបូនរៀងៗខ្លួនផងដែរ។ ពាក្យសន្យាស្រដៀងគ្នាទាំងនេះមានលក្ខណៈយ៉ាងសកម្ម ប៉ុន្តែប្រការដែលកាន់តែសំខាន់ជាងទៀត គឺត្រូវមានការអនុវត្តជាក់ស្តែង។
យោងតាម «កិច្ចព្រមព្រៀងក្រុងប៉ារីស» ដែលបានឈានដល់នៅឆ្នាំ ២០១៥ បណ្តាប្រទេសនានាបានកំណត់ថា ត្រូវរក្សាកម្រិតឡើងកម្តៅរបស់ភពផែនទីក្នុងក្របខណ្ឌ ១.៥ អង្សាសេ។
យ៉ាងណាមិញ យោងតាមរបាយការណ៍ដែលគណៈកម្មាធិការពិសេស ស្តីពីបម្រែបម្រួលអាកាសធាតុអន្តររដ្ឋាភិបាល នៃអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីខែសីហា ឆ្នាំនេះបានឱ្យដឹងថា បណ្តាប្រទេសនានាត្រូវសម្រាចបាននូវការកាត់បន្ថយ ការបញ្ចេញកាបូនចំនួនពាក់កណ្ដាលមុនឆ្នាំ ២០៣០ បើពុំនោះសោត គោលដៅស្តីពីការរក្សាកម្រិតឡើងកម្តៅ របស់ភពផែនទីក្នុងក្របខណ្ឌ ១.៥ អង្សាសេនឹងមិនអាចសម្រេចនោះទេ។ ដោយសារការផលិតថាមពលអគ្គិសនី មានអនុបាតមួយភាគបួនក្នុងការបញ្ចេញកាបូនជាសកល ដូច្នេះអង្គការអាកាសធាតុជាច្រើន សុទ្ធតែរំពឹងទុកយ៉ាងខ្ពស់ចំពោះគម្រោងអគ្គិសនី មិនមែនដើរដោយធ្យូងថ្ម។
ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ មិនមែនជាថ្នូរនៃភូមិសាស្ត្រនយោបាយនោះទេហើយ «ពហុភាគីនិយមដែលមានលក្ខណៈជម្រើស» ក៏មិនមែនជាពហុភាគីនិយមដ៏ពិតប្រាកដនោះឡើយ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអំពាវនាវថា បណ្តាប្រទេសនានាចាំបាច់ត្រូវ គាំពារប្រព័ន្ធអន្តរជាតិ ដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល គោរពគោលដៅនិងគោលការណ៍របស់ «អនុសញ្ញាក្របខណ្ឌសី្តពីបម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងក្រុងប៉ារីស»។ ឯកសារទាំងនេះ គួរតែក្លាយជាកម្មវត្ថុជាមូលដ្ឋានសម្រាប់ឱ្យពិភពលោក ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ប្រទេសលោកខាងលិច មិនត្រូវគ្រោងកិច្ចព្រមព្រៀងផ្សេងទៀតនោះទេ។ ដោយសារគិតពិចារណាពីភាពខុសគ្នា នៃដំណាក់កាលអភិវឌ្ឍន៍ សមត្ថភាពសេដ្ឋកិច្ច និងមធ្យោបាយបចេ្ចកទេសជាដើម ក្នុងនាមជាមូលដ្ឋានសម្រាប់អភិបាលកិច្ចអាកាសធាតុជាសកល គោលការណ៍ស្តីពីមានទំនួលខុសត្រូវរួម តែមានលក្ខណៈទីទៃគ្នា ចាំបាច់ត្រូវអនុវត្តជាក់ស្តែងថែមមួយកម្រិតទៀត។
ពិភពលោកទាំងមូលអាចទទួលបាន ការបំផុសគំនិតពីសុន្ទរកថារបស់លោក Xi Jinping ពោលគឺ៖ គួរតែចាប់ដៃធ្វើកិច្ចសហប្រតិបតិ្តការ មិនត្រូវរិះគន់គ្នាទៅវិញទៅមក គួរតែប្រកាន់ខ្ជាប់គោលការណ៍ជានិច្ច មិនត្រូវកែប្រែគោលការណ៍តាមទំនើងចិត្ត ហើយគួរតែគោរពពាក្យសន្យា មិនត្រួវលះបង់ចោលពាក្យសន្យានោះទេ។ អាចប៉ាន់ប្រមាណថា ប្រទេសចិនដែលយកចិត្តទុកដាក់ដល់ការបំពេញពាក្យសន្យា នឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញ អភិបាលកិច្ចបម្រែបម្រួលអាកាសធាតុជាសកល ក៏ដូចជានឹងជួយនិងបំផុសប្រទេសកាន់តែច្រើនឡើងៗ ឱ្យចាត់ប្រតិបត្តិការរួម ដើម្បីបោះជំហានទៅរកគោលដៅ ស្តីពីការរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត៕