(អាំស្ទែដាំ)៖ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក ការីម ខាន់ (Karim Khan) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា លោកកំពុងស្វែងរកការយល់ព្រម ដើម្បីបន្តការស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មសង្គ្រាម នៅប្រទេសអាហ្វហ្គានីស្ថាន ដោយផ្តោតលើសកម្មភាពរបស់ក្រុមតាលីបង់ និងក្រុមឧទ្ទាម ISIS-K វិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

កន្លងមក រដ្ឋអាជ្ញាក៏ធ្លាប់បានត្រួតពិនិត្យ និងតាមដានលើបទឧក្រិដ្ឋកម្ម ដែលសង្ស័យប្រព្រឹត្តិឡើងដោយកងកម្លាំងអាមេរិក និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ។ ប៉ុន្តែលោក Karim Khan បាននិយាយថា ឥឡូវនេះពួកគេនឹង «ដកហូតសិទ្ធិ» លើការត្រួតពិនិត្យនេះចេញ ដោយសារតែមានប្រភពមិនគ្រប់គ្រាន់ ហើយផ្ទុយទៅវិញនឹងផ្តោតលើ «ទំហំ និងប្រភេទនៃឧក្រិដ្ឋកម្ម នៅក្នុងយុត្តាធិការរបស់តុលាការវិញ»

សកម្មជនសិទ្ធិមនុស្សអាហ្វហ្កានីស្ថាន លោកស្រី ហូរៀ ម៉ាសាឌីក (Horia Mosadiq) ដែលបានជួយជនរងគ្រោះក្នុងការគាំទ្រការស៊ើបអង្កេតរបស់ ICC អស់រយៈពេលជាច្រើនឆ្នាំ បានហៅសេចក្តីប្រកាសខាងលើនេះថា ជាការប្រមាថដល់ជនរងគ្រោះរាប់ពាន់នាក់ផ្សេងទៀត នៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងកងកម្លាំងអាមេរិក ព្រមទាំងកងកម្លាំងអង្គការណាតូ (NATO)។

គួរបញ្ជាក់ថា ICC បានចំណាយរយៈពេល ១៥ឆ្នាំរួចទៅហើយក្នុងការត្រួតពិនិត្យ និងតាមកដានលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅប្រទេសអាហ្វហ្គានីស្ថាន មុនពេលបើកការស៊ើបអង្កេតពេញលេញកាលពីឆ្នាំមុន។ ប៉ុន្តែការស៊ើបអង្កេតនោះ ត្រូវបានរារាំងដោយអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគ្រានោះបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មនេះដោយខ្លួនឯង៕