(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ថា ប្រទេសមីយ៉ាន់ម៉ាកំពុងតែប្រឈមមុខនឹង វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈប្រជាជនប្រមាណ ៣លាននាក់ នៅក្នុងប្រទេសអាស៊ានមួយនេះ កំពុងត្រូវការជំនួយជាបន្ទាន់ ដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា វិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា បានកើតមានឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីជំងឺ COVID-19 រាតត្បាតកាន់តែខ្លាំង និងព្រឹត្តិការណ៍នានា ដែលបានកើតមានឡើង ក្រោយការទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១។

បើតាម OCHA ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងរងគ្រោះខាងលើនេះ ភាគច្រើនរស់នៅតាមតំបន់ជាយៗនៃទីក្រុង រ៉ង់ហ្គូន និង ម៉ាន់ដាឡាយ ក៏ដូចជាប្រជាជនដែលបាននិងកំពុងរងគ្រោះ ដោយសារជម្លោះប្រដាប់អាវុធ នៅតាមបណ្តារដ្ឋភាគខាងលិច និងភាគអាគ្នេយ៍របស់ប្រទេសនេះផងដែរ។ ប្រជាជនមីយ៉ាន់ម៉ាជាង ២២០,០០០នាក់ឯណោះ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ហើយតំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺស្ថិតនៅក្នុងរដ្ឋ កាឈីន (Kachin), សាន (Shan), ឈីន (Chin), កាយ៉ាហ៍ (Kayah) និង កាយីន (Kayin) ជាដើម។

ដោយសារតែការរត់ភៀសខ្លួន និងជម្លោះប្រដាប់អាវុធខាងលើនេះហើយ ទើបធ្វើឲ្យប្រជាជនទាំងនោះ ខ្វះខាតស្បៀងអាហារ ថ្កាំសង្កូវ ទីជម្រក និងតម្រូវការចាំបាច់នានាផ្សេងទៀត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុដូច្នេះទើបទីភ្នាក់ងារពាក់ព័ន្ធនានារបស់ UN កំពុងកៀរគររកជំនួយ ឲ្យបានគ្រប់គ្រាន់ទៅតាមផែនការ ដើម្បីសង្គ្រោះប្រជាជនមីយ៉ាន់ម៉ាទាំងនោះ។

គួរបញ្ជាក់ថា ជំនួយមនុស្សធម៌ដែលស្ថាប័នអន្តរជាតិ មានផែនការក្នុងការជួយដល់ ប្រជាជនមីយ៉ាន់ម៉ារងគ្រោះនោះ គឺមានចំនួនជាង ២៦៧លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១នេះ ហើយគិតត្រឹមពេលនេះ ថវិកាប្រមាណ ៤៧% ត្រូវបានផ្តល់។ នៅក្នុងចំណោមជនរងគ្រោះជាង ៣លាននាក់នោះ ៨០០,០០០នាក់ទៅហើយ កំពុងរស់នៅតំបន់ជុំវិញទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតនៅមីយ៉ាន់ម៉ា៕