(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកឈប់ប្រើពាក្យប្រជាធិបតេយ្យ ជាឧបករណ៍ដើម្បីគាបសង្កត់លើប្រទេសដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។
អ្នកនាំពាក្យលោកស្រី Hua Chunying បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នៅពេលត្រូវបានគេស្នើឲ្យធ្វើអត្ថាធិប្បាយលើសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ស្តីពីកិច្ចប្រជុំកំពូលសកល សម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។
លោកស្រី Hua បាននិយាយថា អ្វីដែលគេហៅថា «កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ» ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកនោះ គឺជាការគូរបន្ទាត់មនោគមវិជ្ជា និងការចូលរួមក្នុងប្លុកនយោបាយ។
លោកស្រីបានបន្ថែមថា វានឹងនាំឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នាប្រឆាំងនឹងនិន្នាការយុគ្គសម័យបច្ចុប្បន្ន។
លោកស្រី Hua បានសង្កត់ធ្ងន់ថា គន្លឹះដើម្បីវិនិច្ឆ័យលទ្ធិប្រជាធិបតេយ្យ គឺថាតើវាបានឆ្លើយតបទៅនឹងការរំពឹងទុក តម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជន និងថាតើវាបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនដែរឬទេ។
លោកស្រីហួបាននិយាយថា សហរដ្ឋអាមេរិកគួរតែធ្វើការវាយតម្លៃឲ្យបានត្រឹមត្រូវ ដោយចៀសវាងការធ្វើពុតជាអ្នកនាំពាក្យនៃលទ្ធិប្រជាធិបតេយ្យ ហើយមិនគួរប្រើបុព្វហេតុប្រជាធិបតេយ្យដើម្បីគាបសង្កត់លើប្រទេសផ្សេងទៀតឡើយ៕