(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នឹងធ្វើជាសហប្រធាន នៃកិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់លើកទី១១ រវាងប្រទេសចិន និងសហភាពអឺរ៉ុប (EU) តាមរយៈវីដេអូ Conference ជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៅថ្ងៃអង្គារស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានធ្វើការប្រកាសដំណឹងនេះនៅពីថ្ងៃចន្ទនេះ ដោយសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ប្រទេសចិននិងសហភាពអឺរ៉ុប ក្នុងការអនុវត្តទំនាក់ទំនងជាយុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការកើនឡើង នៃអស្ថិរភាពនិងភាពមិនច្បាស់លាស់នៅជុំវិញពិភពលោក។

លោកស្រី ហួ បាននិយាយថា ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីទំនាក់ទំនងចិន-សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងបញ្ហាអន្តរជាតិនិងតំបន់ជដើម្បីលើកកម្ពស់ការអភិវឌ្ឃ ប្រកបដោយស្ថិរភាព នៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល៕