(តូក្យូ)៖ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញានេះថា រាជរដ្ឋាភិបាលជប៉ុនគ្រោងនឹងលើកចេញនូវស្ថានភាពគ្រាអាសន្នប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ របស់ខ្លួន ដែលគ្របដណ្តប់លើខេត្តចំនួន១៩ នៅគ្រប់តំបន់ទាំងអស់ នៅចុងខែកញ្ញានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា លោកបានពិភាក្សាអំពីវិធានការបន្ធូរបន្ថយនេះ ជាមួយរដ្ឋមន្រ្តីពាក់ពន្ធរួចហើយនៅថ្ងៃចន្ទនេះ ហើយគ្រោងនឹងស្វែងរកយោបល់បន្ថែមពីក្រុមប្រឹក្សារដ្ឋាភិបាលនៅថ្ងៃអង្គារសប្តាហ៍នេះ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅល្ងាចថ្ងៃចន្ទនេះយ៉ាងដូច្នេះថា «យើងនឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ ដោយផ្អែកលើដំបូន្មាន និងការពិភាក្សាដែលយើងមានជាមួយក្រុមអ្នកជំនាញរដ្ឋាភិបាលនៅថ្ងៃស្អែក»

ប្រសិនបើមានការយល់ព្រម ជប៉ុននឹងមិនមានវិធាការរឹតត្បិតក្នុងគ្រាអាសន្នបែបនេះជាលើកដំបូងទៀតទេ ក្នុងរយៈពេលជិត៦ខែមកនេះ។

គួរបញ្ជាក់ថា វិធានការបច្ចុប្បន្នតម្រូវឱ្យភោជនីយដ្ឋានបិទទ្វារពីព្រលប់ ងចៀសវាងការទទួលទានគ្រឿងស្រវឹង។ ហើយប្រជាជនត្រូវបានស្នើសុំឱ្យចៀសវាងការចេញទៅក្រៅប្រសិនណាមិនចាំបាច់ និងចៀសវាងការឆ្លងកាត់ព្រំដែនខេត្តមួយទៅខេត្តមួយ។

បើទោះបីជាវិធានការគ្រាអាសន្នត្រូវបានបញ្ចប់ក៏ដោយ ក៏អាជ្ញាធរកំពុងពិចារណាលើការរក្សាការទប់ស្កាត់ខ្លះ ដោយខ្លាចការឆ្លងរីករាលដាល ប្រសិនបើប្រទេសនេះបើកចំហទាំងស្រុង៕