(អាហ្វហ្គានីស្ថាន)៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់ បាននិយាយនៅថ្ងៃចន្ទនេះថា កុមារ ១៧នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅក្នុងខេត្ត ហ្គ័រ (Ghor) ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។
វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យខេត្ត Ghor លោក ម៉ូហាំម៉ាត់ មូសា អាល់ហ្វេត (Mohammad Musa Alfat) បាននិយាយថា «កុមារប្រហែល ៣០០នាក់ដែលធ្លាក់ខ្លួនឈឺដោយសារកង្វះអាហារូបត្ថម្ភ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត Ghor ក្នុងរយៈពេល ០៦ខែចុងក្រោយនេះ ហើយក្នុងចំណោមនោះ ១៧នាក់បានស្លាប់»។
ជុំវិញបញ្ហាខាងលើនេះដែរ វេជ្ជបណ្ឌិតម្នាក់ទៀតនៅមន្ទីរពេទ្យ Ghor បានអះអាងថា កុមារដែលធ្លាក់ខ្លួនឈឺដោយសារកង្វះអាហារូបត្ថម្ភចន្លោះពី ២០ ទៅ ៥០នាក់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យជារៀងរាល់ថ្ងៃ ប៉ុន្តែជាអកុសលមន្ទីរពេទ្យកំពុងប្រឈមនឹង បញ្ហាខ្វះខាតថ្នាំសង្កូវ ហើយមិនអាចផ្តល់ថ្នាំដែលចាំបាច់ ដល់កុមារដែលខ្វះខាតបាន។
ព្រមពេលជាមួយគ្នានេះ លោក អេហ៍សានូលឡោះ (Mawlawi Ehsanullah) ប្រធានមន្ទីរសុខាភិបាលខេត្ត Ghor បានគូសបញ្ជាក់បន្ថែមថា ស្ថាប័នរបស់លោកបានទាក់ទងជាមួយ អង្គការនានាដែលពាក់ព័ន្ធហើយ រួមទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ ដើម្បីដោះស្រាយបញ្ហានេះ។
គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់ ឡើងកាន់កាប់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន កាលពីខែសីហាកន្លងទៅនេះ អង្គការអន្តរជាតិ និងបណ្ដាប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បានផ្តាច់ទំនាក់ទំនងជាមួយប្រទេសនេះ ព្រមទាំងបានបង្កកទ្រព្យសម្បត្តិរបស់ប្រទេសនេះថែមទៀតផង ដែលបាននិងកំពុងធ្វើឱ្យប្រទេស ដែលបានហែកហួរដោយសង្គ្រោមអស់រយៈពេល ២០ឆ្នាំនេះ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕