(អន្តរជាតិ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពេលអញ្ជើញចូលរួមការជជែកពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីរបស់ចិនគឺ «ការអភិវឌ្ឍជាសកល»។ លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍគឺជាគន្លឹះ នៃការសម្រេចបាននូវសុភមង្គលរបស់ប្រជាជន។ ប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ យើងត្រូវរួមគ្នាជំរុញការអភិវឌ្ឍជាសកល ឱ្យឡើងដល់កម្រិតកាន់តែខ្ពស់កាន់តែថ្មី ដែលប្រកបដោយតុល្យភាព កិច្ចសម្របសម្រួលនិងបរិយាប័ន្ន។
លោកបានលើកគំនិតផ្តួចផ្តើម ៦ ចំណុច ស្តីពីការអភិវឌ្ឍជាសកលមានជាអាទិ៍៖
ទី១៖ ប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព
ទី២៖ ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល
ទី៣៖ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទូទៅ និងប្រកបដោយបរិយាប័ន្ន
ទី៤៖ ប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីនូវកម្លាំងចលករ
ទី៥៖ ប្រកាន់ខ្ជាប់ការរួមរស់នៅដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ
ទី៦៖ ប្រកាន់ខ្ជាប់ការចង្អុលបង្ហាញទិសដៅប្រតិបត្តិ
តាមរយៈគំនិតផ្តួចផ្តើមថ្មីនេះ យើងឃើញថានេះជាការសង្កត់ធ្ងន់ថែមទៀត ទៅលើគោលជំហរពហុភាគីនិយម និងការបើកចំហរបស់ចិន ដែលបានប្រកាន់ខ្ជាប់តាំងពីដើមមក ហើយក៏ជាការបញ្ចេញសារមួយទៅកាន់ពិភពលោកផងដែរថា ប្រទេសចិនមិនត្រឹមតែខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍរបស់សកលលោក តាមរយៈការផ្តល់ទីផ្សារដែលប្រកបដោយសក្តានុពល និងកាលានុវត្តភាពថ្មីៗ ក៏ដូចជាជំនួយឧបត្ថម្ភជាបន្តបន្ទាប់ ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងពិភពលោក។
ជាក់ស្តែងយើងឃើញថា កន្លងមកតាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សន្ធិសញ្ញា និងអនុសញ្ញាផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូផ្សេងៗ ព្រមទាំងយន្តការសហប្រតិបត្តិឡានឆាង-មេគង្គជាដើម ប្រទេសចិនបានរួមចំណែកដែលមិនអាចខ្វះបាន និងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍជាសកល ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្លាប់លើកឡើងថា៖ ប្រទេសចិនជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចពិភពលោក និងគាំពារសុខសន្តិភាពរបស់ពិភពលោក។
ស្ទើរតែគ្រប់កាលៈទេសៈទាំងអស់ យើងឃើញថា ប្រទេសចិនតែងគូសបញ្ជាក់ម្តងហើយម្តងទៀតថា ពេលប្រឈមនឹងបញ្ហាសកលឬបញ្ហាប្រឈមរួម ដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត គឺការសាមគ្គីនិងរួមសហការគ្នា។ អាស្រ័យហេតុនេះ យើងឃើញថា មិនថាបញ្ហាជំងឺកូវីដ-១៩ ឬបញ្ហាភេរវកម្ម បម្រែបម្រួលអាកាសធាតុ សិទ្ធិមនុស្ស គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ រក្សាសន្តិភាពនិងអភិបាលកិច្ចសកលជាដើម សុទ្ធតែមានវត្តមានរបស់ចិនដែលបានរួមចំណែកយ៉ាងសកម្មនូវ «ផែនការ កម្លាំងនិងតម្រិះប្រាជ្ញាចិន» សម្រាប់បញ្ជាក់ពីជំហរគាំទ្រពហុភាគីនិយមដោយឥតងាករេ និងដើម្បីឧត្តមប្រយោជន៍រួមរបស់ប្រជាជនចិន និងប្រជាជនពិភពលោក។
«ពិភពលោកជាមហាគ្រួសារមួយ មនុស្សជាតិជាសហគមន៍រួមជោគវាសនាតែមួយ» នេះជាការលើកឡើងរបស់មេដឹកនាំកំពូលនៃប្រទេសចិន ។ ជាការពិតណាស់ រាល់ការអភិវឌ្ឍទាំងឡាយគឺសុទ្ធតែដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមរបស់មនុស្សជាតិ ពីព្រោះមិនថាពិភពលោកបានអភិវឌ្ឍដល់កម្រិតណាក្តី ក៏ត្រូវតែតម្កល់ទុកមនុស្សជាអាទិភាពបំផុតជាដរាប។
ប្រទេសចិនមិនត្រឹមតែត្រូវសម្រេចសុបិនចិន ស្តីពីការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវរួមចំណែកដល់ការជំរុញឱ្យសម្រេចបាននូវ សុបិនពិភពលោកស្តីពីសុខសន្តិភាពយូរអង្វែង និងវិបុលភាពរួមផងដែរ ពោលគឺផ្សារភ្ជាប់សុបិនចិន ជាមួយសុបិនពិភពលោក។ ប្រទេសចិនបានគូសបញ្ជាក់បែបនេះម្តងហើយម្តងទៀត ដែលជាការសន្យាយ៉ាងម៉ឺងម៉ាត់ ចំពោះពិភពលោកផង ហើយក៏ជាការប្រកាសប្រាប់ពិភពលោកផងដែរថា ប្រទេសចិននឹងឈរនៅជាមួយពិភពលោកជានិច្ច ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ពោលគឺការអភិវឌ្ឍរបស់ចិន គឺជាការអភិវឌ្ឍរបស់ពិភពលោក កាលានុវត្តភាពរបស់ចិន គឺជាកាលានុវត្តភាពរបស់ពិភពលោក។
និយាយជាសរុបទៅ ល្គឹកណាដែលប្រទេសនានាលើពិភពលោក ខិតខំស្វែងរកគំនិតឯកភាពរួម រក្សាទុកការខ្វែងគំនិតគ្នានៅមួយអន្លើ តម្កល់ទុកផលប្រយោជន៍ប្រជាជនជាធំ បោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ទស្សនៈផលបូកសូន្យ អញនិយមឬអនុត្តរភាពនិយម ហើយងាកមកតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម លើកតម្កើងពហុភាគីនិយម ឱ្យតម្លៃនិងថែរក្សាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ល្គឹកនោះយើងនឹងឈានដល់ការកសាង សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ និងការអភិវឌ្ឍជាសលដែលជាបំណងប្រាថ្នារួម របស់ប្រជាជនលើពិភពលោក៕
(ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)