(ហុងកុង)៖ បុរសម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ០៩ឆ្នាំនៅថ្ងៃចន្ទនេះ ពីបទយកកាំបិតមកចាក់លោក ជូនៀស ហូ (Junius Ho) សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។
បុរសឈ្មោះ តឹង ប៉ាកហ្វៃ (Tung Pak-fai) អាយុ ៣១ឆ្នាំបានសារភាពកំហុសថា ខ្លួនមានចេតនាយកកាំបិតមកចាក់លោក Junius Ho និងជំនួយការម្នាក់ទៀតឱ្យរងរបួសពិតប្រាកដមែន។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ នៅពេលដែលលោក Junius Ho កំពុងឈរនៅលើដងផ្លូវនៃតំបន់ ធួនមឹន (Tuen Mun) បុរសឈ្មោះ តឹង ប៉ាកហ្វៃ បានលេចមុខហើយបានយកកាំបិត មកចាក់លោកចំកណ្ដាលដើមទ្រូងតែម្តង។ ជំនួយការរបស់លោកក៏បានរងរបួសផងដែរ ក្នុងកំលុងពេលកើតហេតុនោះ។
ចៅក្រមនៃតុលាការជាន់ខ្ពស់ HKSAR បានថ្លែងថា ជនបង្កខាងលើ បានទៅពិនិត្យមើលកន្លែងដែលលោក Junius Ho ស្ថិតនៅ រយៈពេល ០២ថ្ងៃមុនពេលប្រព្រឹត្តបទឧក្រិដ្ឋកម្ម ដែលត្រូវបានគេជឿថាបានរៀបចំទុកជាមុន។ ចៅក្រម បានពិពណ៌នាអំពីអាកប្បកិរិយារបស់បុរសឈ្មោះ Tung Pak-fai នេះថា មិនសមហេតុផល និងគួរឱ្យរន្ធត់ ដែលមិនអាចអត់ឱនឱ្យបានឡើយ នៅក្នុងសង្គមដ៏ស៊ីវីល័យមួយនេះ៕