(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈូ គូឆេង (Chiu Kuo-cheng) នៅថ្ងៃចន្ទនេះបាននិយាយថា តៃវ៉ាន់ចាំបាច់ត្រូវតែមានប្រព័ន្ធសព្វាវុធ សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ ដើម្បីអាចទប់ទល់ជាមួយចិន ដែលកំពុងអភិវឌ្ឍសព្វាវុធរបស់ខ្លួន យ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

តាមរយៈការបង្ហាញវត្តមានក្នុងសភាតៃវ៉ាន់ នាថ្ងៃចន្ទនេះ លោក Chiu បាននិយាយថា «តៃវ៉ាន់ត្រូវតែអាចមានសមត្ថភាព ដើម្បីឲ្យចិនដឹងថា តៃវ៉ាន់អាចការពារខ្លួនឯងបានដោយប្រសិទ្ធភាព ពោលគឺការអភិវឌ្ឍជាពិសេសលើប្រព័ន្ធសព្វាវុធ សម្រាប់បាញ់បានចម្ងាយឆ្ងាយៗ»

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីយោធាចិន តៃវ៉ាន់បានវាយតម្លៃឃើញថា «ចិនអាចធ្វើឲ្យតៃវ៉ាន់គ្មានលទ្ធភាពការពារខ្លួន» ហើយអាចតាមដានយ៉ាងពេញលេញ ចំពោះការចល័តកម្លាំងរបស់តៃវ៉ាន់។ ក្នុងខែកញ្ញានេះ តៃវ៉ាន់ក៏បានស្នើផងដែរឲ្យ បង្កើនកញ្ចប់ថវិកាការពារជាតិ ដល់ទៅជិត ៩ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងនោះរួមមានទាំងការអភិវឌ្ឍមីស៉ីលថ្មីៗ។

គួរបញ្ជាក់ថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ផ្តោតការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិ ជាអាទិភាពចម្បងបំផុត ដើម្បីធ្វើឲ្យដែនដីកោះនេះ មិនងាយអាចរងការវាយប្រហារ ចំពោះមុខការគំរាមកំហែងពីចិន ដែលចាត់ទុកតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន។ យ៉ាងណាក៏ដោយ ថវិកាដែលគ្រោងចំណាយលើវិស័យយោធារបស់កោះតៃវ៉ាន់ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ក៏នឹងត្រូវហូរចូលក្នុងហោប៉ៅរបស់សហរដ្ឋអាមេរិក ភាគច្រើនផងដែរ៕