Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនជាង៥លានដូសហើយ ត្រូវបានចាក់នៅនូវែលសេឡង់ (Video inside)

27-09-2021 14:55

(វែលីងតោន)៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 លោក គ្រីស ហ៉ីបឃីនស៍ (Chris Hipkins) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រជាជននូវែលសេឡង់ កំពុងបន្តនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈមកទល់ពេលនេះវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ជាង ០៥លានដូសហើយ ត្រូវបានចាក់នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

លោក Chris Hipkins បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គិតត្រឹមពាក់កណ្តាលអាធ្រាតថ្ងៃអាទិត្យម្សិលមិញនេះ វ៉ាក់សាំង Pfizer ចំនួន ៥,០២០,៩០០ដូស ត្រូវបានផ្ដល់ការចាក់ជូន នៅទូទាំងប្រទេសនូវែលសេឡង់ ក្នុងនោះមានវ៉ាក់សាំងចំនួន ៣,២៣១,៤៤៤ដូស ត្រូវបានផ្ដល់ការចាក់ជូនសម្រាប់ដូសដំបូង និង ១,៧៨៩,៤៥៦ដូសទៀត ត្រូវបានផ្ដល់ការចាក់ជូនសម្រាប់ដូសទីពីរ។

លោក Chris Hipkins បាននិយាយបន្ថែមថា «ចំនួនវ៉ាក់សាំងដែលត្រូវបានផ្តល់ការចាក់ជូន គឺបានកើនឡើងដល់ជាង ៩០,០០០ដូសក្នុងមួយថ្ងៃ កាលពីចុងខែសីហាកន្លងទៅ ហើយនាពេលឥឡូវនេះ យើងកំពុងផ្តល់ការចាក់ក្នុងកម្រិតថេរមួយ គឺ៥០,០០០ដូស ជារៀងរាល់ថ្ងៃ»

លោក Chris Hipkins បានកត់សម្គាល់ថា ការទទួលបានការចាក់វ៉ាក៉សាំងពេញលេញ (ចំនួន ០២ដូស) បានផ្តល់ការការពារកម្រិតខ្ពស់ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ស្លាប់។ ហើយការចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើន ក៏ផ្តល់ឲ្យយើងមានជម្រើសច្រើន សម្រាប់អនាគតផងដែរ»។

គួរបញ្ជាក់ថា បើតាមអគ្គនាយកសុខាភិបាលនូវែលសេឡង់ លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) ប្រទេសនេះ មានគោលដៅផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រមាណ ៩០ភាគរយនៃប្រជាជនរបស់ខ្លួនសរុបចំនួន ៥លាននាក់ នៅចុងឆ្នាំ២០២១នេះ៕