(ប៊ែរឡាំង)៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតសកល នៅប្រទេសអាល្លឺម៉ង់ បានបង្ហាញឲ្យឃើញថា គណបក្សសង្គមប្រជាធិបតេយ្យ SPD គឺជាអ្នកដែលទទួលបានអាសនៈច្រើនជាងគេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសរបស់ អាជ្ញាធរត្រួតពិនិត្យការបោះឆ្នោតរបស់អាល្លឺម៉ង់ គណបក្ស SPD ទទួលបានជ័យជម្នះប្រផិតប្រផើយតែប៉ុណ្ណោះ លើគណបក្សអភិរក្សនិយម CDU/CSU របស់អធិការបតីអាល្លឺម៉ង់ចាំផ្ទះ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) ក្នុងការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១។

លទ្ធផលផ្លូវការបានបង្ហាញថា គណបក្ស SPD ឈ្នះបានសំឡេងគាំទ្រ២៥.៧ភាគរយ បន្ទាប់មកគណបក្ស CDU/CSU ទទួលបាន ២៤.‌១ភាគរយ ខណៈគណបក្សបៃតង ទទួលបាន១៤.៨ភាគរយ។ ការបោះឆ្នោតនេះ បិទបញ្ចប់សម័យកាលកាន់អំណាច ១៦ឆ្នាំរបស់លោកស្រី អាន់ជែឡា មើគែល ដែលសម្រេចមិនឈរឈ្មោះជាអធិការបតី ក្នុងការបោះឆ្នោតលើកនេះឡើយ។ លោកស្រី ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំកាន់អំណាចបានយូរបំផុតមួយនៅអឺរ៉ុប។

យ៉ាងណាមិញ បុគ្គលដែលត្រូវឡើងជាអធិការបតីអាល្លឺម៉ង់ថ្មី នឹងមិនទាន់អាចកំណត់ច្បាស់ទេ ទាល់តែកិច្ចព្រមព្រៀងបង្កើតក្រុមចម្រុះ ដើម្បីដឹកនាំរដ្ឋាភិបាល ត្រូវចរចាបង្កើតឡើង។

គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះបែបនេះហើយ គណបក្ស SPD នឹងចាប់ផ្តើមដំណើរការចរចា ដើម្បីបង្កើតរដ្ឋាភិបាល ខណៈវាជាដំណើរការមួយ ដែលអាចចំណាយពេលរាប់សប្តាហ៍ ឬរហូតដល់រាប់ខែ ទើបសម្រេចទៅបាន។ តួយ៉ាងបន្ទាប់ពីការឈ្នះឆ្នោតរបស់គណបក្សលោកស្រី មើគែល កាលពីខែកញ្ញា ឆ្នាំ២០១៧ ទម្រាំតែបង្កើតរដ្ឋាភិបាលបាន គឺចំណាយពេល់ទៅដល់ជាង៥ខែ៕