(ឆៃយ៉ាភូមិ)៖ ផ្ទះជាង ៣,០០០ខ្នង នៅក្នុងភូមិចំនួន ២៣ របស់ស្រុក បាមណេត ណារ៉ុង (Bamnet Narong) នៃខេត្ត ឆៃយ៉ាភូមិ (Chaiyaphum) ភាគកណ្តាលប្រទេសថៃបានរងការលិចលង់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលត្រូវបានអាជ្ញាធរក្នុងតំបន់អះអាងថា មិនធ្លាប់កើតមាននោះឡើយ នៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នារសៀលថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។
អាជ្ញាធរស្រុក Bamnet Narong បានថ្លែងថា ទឹកជំនន់បានហូរសន្ធប់ចូលមកកាន់ស្រុកនេះ ដោយវាបានធ្លាក់មកពីស្រុក ថេប សាធីត (Thep Sathit) របស់ខេត្ត Chaiyaphum ព្រមទាំងស្រុក ថេផារ៉ាក់ (Thepharak) និងស្រុក ដន ឃុន ថូដ (Dan Khun Thod) របស់ខេត្ត នគររាជ សីម៉ា (Nakhon Ratchasima) ដែលស្ថិតនៅជាប់គ្នា។
នៅក្នុងចំណោមភូមិទាំង ២៣ របស់ស្រុក Bamnet Narong នោះ ភូមិមួយដែលមានឈ្មោះថា មូ ២១ (Moo 21) បានរងគ្រោះធ្ងន់ធ្ងរជាងគេ ព្រោះតែលំនៅឋានប្រជាជនរហូតដល់ទៅ ៦០០ខ្នង រងការលិចលង់ជាទម្ងន់ ខណៈផ្ទះខ្លះត្រូវលិចក្នុងទឹកជម្រៅ ២ម៉ែត្រ និងខ្លះទៀតលិចនៅសល់តែដំបូល ដែលបង្ខំឲ្យប្រជាជនឡើងទៅលើដំបូលផ្ទះ ដើម្បីរង់ចាំការសង្គ្រោះ។
គួរបញ្ជាក់ថា កងកម្លាំងសង្គ្រោះ ពេលមានគ្រោះទឹកជំនន់របស់ថៃ ដែលមានទីស្នាក់ការនៅក្នុងខេត្ត នគររាជ សីម៉ា ត្រូវបានបញ្ជូនឲ្យទៅជួយសង្គ្រោះប្រជាជន នៅក្នុងស្រុករងគ្រោះខាងលើនេះ ហើយប្រជាជនខ្លះត្រូវបានដាក់ឲ្យស្នាក់នៅតាមសាលារៀន និងខ្លះទៀតនៅតាមវត្តអារាម ដែលស្ថិតនៅតាមទីខ្ពស់ជាបណ្តោះអាសន្ន។ មិនទាន់មានសេចក្តីរាយការណ៍ថា អាចជនរងគ្រោះដែរ ឬក៏យ៉ាងណានោះឡើយ គិតត្រឹមរសៀលថ្ងៃចន្ទនេះ៕