(យូអិន)៖ កិច្ចប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងបិទបញ្ចប់នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយគ្មានការថ្លែងសុន្ទរកថារបស់អ្នកតំណាងនៃ រដ្ឋាភិបាលដែលកំពុងអំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ាឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

បេសជនប្រចាំអង្គការសហប្រជាជាតិ (UN) នៃអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថាមួយប្រឆាំងក្រុមតាលីបង់ នៅថ្ងៃចុងក្រោយនេះ បន្ទាប់ពីតាលីបង់ បានស្នើសុំអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន ចូលថ្លែងសន្ទរកថាជំនួសវិញ។

ក្រុមតាលីបង់ បានសរសេរលិខិតមួយផ្ញើជូនអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយស្នើសុំអនុញ្ញាតឱ្យលោក អាមៀ ខាន់ មុតតាគី (Amir Khan Muttaqi) ដែលជារដ្ឋមន្រ្តីការបរទេសថ្មីរបស់ខ្លួន ឡើងថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំនៃ UNGA ដែលរៀបចំឡើង នៅក្នុងទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក។

លិខិតនោះ បានកត់សំគាល់ថា លោក ហ្គូឡាំ ស៉ីសាក់ហ្សៃ (Ghulam Isaczai) ដែលជាបេសកជនប្រចាំ UN របស់អាហ្វហ្គានីស្ថាន ក្រោមរបបដឹកនាំរបស់អតីតប្រធានាធិបតីលោក អាសរ៉ាហ្វ ហ្កានី (Ashraf Ghani) ដែលត្រូវបានទម្លាក់ពីអំណាចកាលពីខែមុន «លែងជាអ្នកតំណាង» ឱ្យប្រទេសអាហ្វហ្គានីស្ថាននៅ UN ទៀតហើយ។

ការស្នើសុំនេះ តាមពិតត្រូវពិចារណាដោយគណៈកម្មាធិការមួយ ដែលរួមមានទាំងសហរដ្ឋអាមេរិក រុស្ស៉ី និងចិន ប៉ុន្តែអ្នកការទូតម្នាក់ បានគូសបញ្ចាក់ប្រាប់សារព័ត៌មាន AFP ថា ការពិចារណាមិនបានកើតឡើងទេ ដោយក្រុមតាលីបង់ បានបញ្ជូនសំណើមកយឺតពេល ហើយវាក៏បានបើកផ្លូវឱ្យលោក Ghulam Isaczai ដែល UN នៅតែទទួលស្គាល់ថា ជាអ្នកតំណាងរបស់អាហ្វហ្គានីស្ថានដដែលនោះ អាចឡើងថ្លែងសន្ទរកថាបាន។

គួរបញ្ជាក់ថា សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវឡើងថ្លែងសុន្ទរកថានៅថ្ងៃបិទបញ្ចប់នេះ ក៏មានបញ្ហាដែរស្រដៀងគ្នាដែរ។ យោងតាមប្រភពអ្នកការទូតនៅ UN អ្នកតំណាងនៃអតីតរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ត្រូវបានសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី ឯកភាពគ្នា រារាំងមិនឲ្យឡើងថ្លែងសុន្ទរកថា។ ចំណែកអ្នកតំណាងដែលយោធាមីយ៉ាន់ម៉ាតែងតាំង គឺមិនទាន់ត្រូវបាន UN ទទួលស្គាល់នៅឡើយទេ៕