(ប៊ែរឡាំង)៖ គណបក្សសង្គមប្រជាធិបតេយ្យ (SPD) បានទទួលជ័យជម្នះយ៉ាងប្រផិតប្រផើយ លើគណបក្សអភិរក្សនិយម CDU/CSU របស់អធិការបតីអាល្លឺម៉ង់ចាំផ្ទះ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

បើតាមលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន គណបក្ស SPD របស់លោក អូឡាហ្វ សូល (Olaf Scholz) កំពុងនាំមុខគណបក្ស CDU/CSU ក្នុងសំឡេងគាំទ្រ ២៦ភាគរយ ទល់នឹង ២៤.៥ភាគរយ។ លោក Olaf Scholz ដែលត្រូវបានគេរំពឹងថា នឹងអាចក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មីនោះ ក៏បានប្រកាសផងដែរថា តាមរយៈជ័យជម្នះនេះ គណបក្សរបស់លោកនឹងមានអំណាចបង្កើតរដ្ឋាភិបាលថ្មី ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៥។

តែយ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានស្ថានការណ៍បោះឆ្នោតនៅអាល្លឺម៉ង់យល់ថា គណបក្សរបស់លោក Olaf Scholz នឹងត្រូវចំណាយពេលជាច្រើនសប្ដាហ៍ ឬអាចឈានចូលដល់រាប់ខែ ដើម្បីបង្កើតក្រុមចម្រុះមួយ ក្នុងការដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ថ្មី។ ការបោះឆ្នោតនៅអាល្លឺម៉ង់ បានបិទបញ្ចប់សម័យកាលកាន់អំណាច ១៦ឆ្នាំរបស់លោកស្រី អាន់ជែឡា មើគែល ដែលត្រូវបានគេចាត់ទុកថា ជាមេដឹកនាំកាន់អំណាចបានយូរបំផុតមួយនៅអឺរ៉ុប៕