(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោកស្រី ខាស៊ី ហូឃឹល (Kathy Hochul) កំពុងពិចារណាជួលកងកម្លាំងឆ្មាំជាតិ និងបុគ្គលិកពេទ្យក្រៅរដ្ឋាភិបាល មកជំនួសបុគ្គលិកពេទ្យក្នុងរដ្ឋរាប់ម៉ឺននាក់ ដែលអាចប្រឈមនឹងការបាត់បង់ការងារ ដោយសារមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅតាមពេលកំណត់ ខណៈនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ គឺជាពេលផុតកំណត់សម្រាប់ការចាក់វ៉ាក់សាំងហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ផែនការដែលបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ លោកស្រី Kathy Hochul កាលពីចុងសប្ដាហ៍មុន នឹងអនុញ្ញាតឱ្យលោកស្រីប្រកាសពីភាពអាសន្ន ដើម្បីបង្កើនការផ្គត់ផ្គង់បុគ្គលិកថែទាំសុខភាព ដោយរួមបញ្ចូលទាំងអ្នកជំនាញ ដែលមានអាជ្ញាប័ណ្ណមកពីក្រៅរដ្ឋ និងក្រៅប្រទេស ក៏ដូចជាគិលានុបដ្ឋយិការ ដែលចូលនិវត្តន៍ហើយផងដែរ។

លោកស្រី Kathy Hochul បានថ្លែងទៀតថា រដ្ឋក៏កំពុងសម្លឹងមើលការជួលកងកម្លាំងឆ្មាំជាតិ ជាមួយនឹងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ដើម្បីរក្សាមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ឱ្យមានបុគ្គលិកគ្រប់គ្រាន់ផងដែរ។ ការិយាល័យរបស់លោកស្រី បាននិយាយបន្ថែមថា ប្រហែល ១៦ភាគរយនៃបុគ្គលិកពេទ្យចំនួន ៤៥០,០០០នាក់របស់រដ្ឋ ឬស្មើនឹង ៧២,០០០នាក់ មិនទាន់បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) នោះទេ។

គួរបញ្ជាក់ថា ផែនការនេះបានកើតមានឡើងចំពោះមុខ ការទាស់ទែងគ្នារវាងកាតព្វកិច្ចចាក់វ៉ាក់សាំង និងវិធានទប់ស្កាត់ការរាតត្បាត មេរោគបំប្លែងខ្លួន Delta ដ៏កាចសាហាវ។ Delta បានជំរុញឱ្យមានការកើនឡើង នៃករណីឆ្លងជំងឺ COVID-19 និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ដល់កម្រិតកំពូលនៅដើមខែកញ្ញានេះ។ ការស្លាប់ក៏បានបន្តកើនឡើងផងដែរ ជាមួយនិងចំនួនមនុស្សស្លាប់ជាមធ្យមប្រមាណ ២,០០០នាក់ក្នុងមួយថ្ងៃ សម្រាប់សប្តាហ៍កន្លងមកនេះ ដែលពួកគេភាគច្រើនសុទ្ធតែជាអ្នក ដែលមិនបានទទួលការចាក់វ៉ាក់សាំង៕