(អូតាវ៉ា)៖ ដ្ឋមន្ត្រីការបរទេសកាណាដា លោក ម៉ាក ហ្កាណូ (Marc Garneau) បាននិយាយថាប្រទេសរបស់លោកនៅតែជួបផលលំបាកក្នុងការធ្វើឱ្យទំនាក់ទំនង ជាមួយចិនត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ បើទោះជាកម្ដៅការទូតរវាងប្រទេសទាំង ២ បានថយចុះបន្តិចក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

លោក Marc Garneau ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBC News កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងតែ ២ថ្ងៃ
ប៉ុណ្ណោះបន្ទាប់ពីនាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពកាលពីថ្ងៃសុក្រ ទី២៤ ខែកញ្ញានេះ ក្រោយជាប់ឃុំនៅក្នុងផ្ទះ នៅឯទីក្រុង Vancouver ប្រទេសកាណាដា អស់រយៈពេល ៣ឆ្នាំ។

ក្រោយការដោះលែងលោកស្រី Meng Wanzhou ពលរដ្ឋកាណាដាពីរនាក់គឺលោក Michael Kovrig និងលោក Michael Spavor ដែលត្រូវបានជាប់ឃុំខ្លួន ប៉ុន្មានថ្ងៃ បន្ទាប់ពីការចាប់ខ្លួនលោកស្រី Meng ក៏ត្រូវបានអាជ្ញាធរចិនដោះលែងឱ្យមានសេរីភាពឡើងវិញផងដែរ ដែលនេះអាចនឹងក្លាយជាចំណុចចាប់ផ្ដើមនៃការ ផ្សះផ្សាទំនាក់ទំនងការទូត។

តែទោះជាបែបនេះក្ដី លោក Marc Garneau បានអះអាងថាកាណាដានៅតែជួបផលលំបាកក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយចិនត្រឡប់ទៅរកភាពប្រក្រតី
ឡើងវិញ។ ប្រមុខការទូតកាណាដា រូបនេះបញ្ជាក់ដូច្នេះថា «កាណាដានឹងប្រកួតប្រជែងជាមួយចិនលើបញ្ហាជាច្រើនដូចជាពាណិជ្ជកម្ម ហើយនឹងសហការជាមួយ ចិនលើបញ្ហាអាកាសធាតុ ព្រមទាំងប្រឈមមុខជាមួយចិនលើបញ្ហាជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គ័រ, តំបន់ទីបេ និងទីក្រុងហុងកុង ដូចដែលកាណាដាធ្លាប់បាន ធ្វើនាពេលកន្លងមក»

គួរបញ្ជាក់ថា លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បីឆ្នាំបន្ទាប់ពីជាប់ឃុំក្នុងផ្ទះ នៅប្រទេសកាណាដាក្រោមកិច្ចព្រមព្រៀង ជាមួយក្រសួងយុត្តិធម៌អាមេរិក ដែលបានយល់ព្រមការព្យួរចោលបទចោទប្រកាន់ ហើយអាចនឹងឈានដល់ទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោកស្រី Meng ទាំងស្រុង៕