(ហ្សេរុយសាឡឹម)៖ កងទ័ពអាកាសអ៊ីស្រាអែលទើបតែបានទទួល យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ០៣គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ តាមដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងទាំង ៣គ្រឿងខាងលើ ដែលត្រូវបានអ៊ីស្រាអែលហៅឈ្មោះថា អេឌា (Adir) ឬមានថា «អ្នកខ្លាំងពូកែ» នោះ បានចុះចតនៅព្រលានយន្តហោះយោធា ណេវ៉ាធីម (Nevatim) ភាគខាងត្បូងប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ហើយពួកវានឹងមានតួនាទីការពារផ្ទៃមេឃ របស់ប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា ក្រោយទទួលបាន ៣គ្រឿងថ្មីទៀតនេះ ចំនួនយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលប្រទេសអ៊ីស្រាអែលមាន បានកើតឡើងដល់ ៣០គ្រឿង។ វាគឺជាផ្នែកនៃកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 នេះចំនួន ៥០គ្រឿង ពីសហរដ្ឋអាមេរិក ខណៈការប្រគល់ដំបូងបានកើតមានឡើង កាលពីខែធ្នូ ឆ្នាំ២០១៦។

F-35 គឺជាយន្តហោះចម្បាំងដែលសមត្ថភាព បំបាំងកាយវាពីសត្រូវ ដូច្នេះប្រព័ន្ធរ៉ាដាមិនអាចចាប់សញ្ញាវាបានឡើយ។ F-35 ក៏មានសមត្ថភាពផ្ទុកគ្រាប់បែកបានច្រើនប្រភេទ និងអាចហោះហើរដល់ល្បឿនជាង ២,០០០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ F-35 មួយគ្រឿងមានតម្លៃចន្លោះពី ៧៥-៨០លានដុល្លារសហរដ្ឋអាមេរិក៕