(ញូយ៉ក)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នាថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា ការផ្តល់ក្តីគោរពឲ្យគ្នាទៅវិញទៅមក រវាងមហាអំណាចធំៗរបស់ពិភពលោក គឺមានសារសំខាន់ជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១។
លោកប្រមុខការទូតរុស្ស៉ី បានលើកឡើងដូចខាងលើ ពេលធ្វើអត្ថាធិប្បាយក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទថ្មីៗនេះ ដែលកើតចេញពីការបង្កើតសម្ព័ន្ធភាពសន្តិសុខត្រីភាគី រវាងអាមេរិក អង់គ្លេស អូស្រ្តាលី ក៏ដូចជាទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមលោក ឡាវវ៉ូវ កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី ដែលបានបង្កឲ្យមានជម្លោះជាមួយបារាំង អាចនឹងជំរុញអឺរ៉ុបឲ្យបង្កើនការធ្វើប្រាស្រ័យទាក់ទងជាមួយរុស្ស៉ី។ រីឯពាក់ព័ន្ធនឹងទំនាក់ទំនងចិន-អាមេរិក លោក ឡាវរ៉ូវ បាននិយាយថា ការប្រឈមមុខដាក់គ្នា មិនអាចផ្តល់ផលចំណេញដល់ភាគីណាមួយឡើយ៕